សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​ ​ចាប់​បង្គា​មាន​លាយ​សារធាតុគីមី​ជិត១តោន​នាំ​ពី​វៀតណាម​

​នៅ​ព្រឹក​ថ្ងៃសៅរ៍​ ​ទី២៧​ ​ខែមេសា​ ​ឆ្នាំ២០១៩នេះ​ ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​ ​ចាប់បាន​បង្គា​ស្រស់​ ​មាន​លាយ​សារធាតុគីមី​ហាមឃាត់​ ​ត្រូវ​បាន​ឈ្មួញ​នាំចូល​តាម​ច្រក​ព្រែក​ចាក​ ​ព្រំដែន​កម្ពុជា​-​ ​វៀតណាម​ ​ចូល​មក​លក់​នៅក្នុង​ទីផ្សារ​ក្រុង​ព្រះសីហនុ​។​

​អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​ ​លោក​ ​នៅ​ ​តុន​ ​បានឱ្យ​ដឹង​ថា​ ​ព្រឹក​ម៉ិញ​នេះ​ ​មន្ត្រី​ស្ថាប័ន​លោក​ ​បាន​សហ​កា​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ​នៃ​ស្នងការ​ដ្ឋាន​ខេត្ត​ព្រះសីហនុ​ ​បាន​ចាប់​ឃាត់​រថយន្ត​មួយ​គ្រឿង​ ​ដឹក​បង្គា​ស្រស់​ចំនួន​ ​៤៥កេះ​ ​មាន​ទម្ងន់​ ​៩០០គីឡូ​ ​ក្រាម​ ​មាន​សារធាតុគីមី​ហាមឃាត់​ ​ដែល​ឈ្មួញ​នាំចូល​ពី​ប្រទេស​វៀតណាម​ ​ចូល​តាម​ច្រកព្រំដែន​កម្ពុជា​-​វៀតណាម​ ​ច្រក​ព្រែក​ចាក​ ​ខេត្តកំពត​ ​យក​មក​ដុត​កម្ទេច​ចោល​ភ្លាម​ៗ​។​

​លោក​បន្ត​ថា​ ​ទំនិញ​បង្គា​ស្រស់​ទាំងនោះ​ ​បន្ទាប់ពី​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​ ​បាន​ធ្វើវិភាគ​ ​ពិនិត្យ​ឃើញ​មាន​ដាក់​លាយ​សារធាតុគីមី​ ​មាន​សណ្ឋាន​ ​ដូច​ចា​ហ៊ួយ​ ​ត្រូវ​ម្ចាស់​ទំនិញ​ដាក់​លាយ​នៅក្នុង​បង្គា​ស្រស់​ទាំងនោះ​។​

​លោក​ ​នៅ​ ​តុន​ ​បន្ត​ថា​ ​បង្គា​ស្រស់​មាន​លាយ​សារធាតុគីមី​ទាំង​ ​៤៥កេះ​ ​ត្រូវ​បាន​នាំមក​ដុត​កម្ទេច​ចោល​ ​ភ្លាម​ៗ​នៅក្នុង​បរិវេណ​សាខា​កាំ​កុង​ត្រូ​ក​ខេត្ត​ព្រះសីហនុ​ ​ព្រឹក​ថ្ងៃទី២៧​ ​ខែមេសា​ ​ឆ្នាំ២០១៩នេះ​។​ ​ក្នុង​នោះ​មន្ត្រី​ជំនាញ​ ​ក៏បាន​តម្រូវ​ឱ្យ​ម្ចាស់​រថយន្ត​ដឹក​បង្គា​ ​និង​ជា​តំណាង​ឱ្យ​ម្ចាស់​ទំនិញ​ ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​នាំចូល​បង្គា​ ​មាន​សារធាតុគីមី​ទាំងនោះ​ ​នា​ថ្ងៃខាងមុខ​ទៀត​។​

​ផ្តើម​ពី​បញ្ហា​នេះ​ ​លោក​ ​ជា​ ​ប៉ិច​ ​អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​ ​ក៏បាន​អំពាវនាវ​ដល់​ផ្នែក​ពាក់ព័ន្ធ​ ​ជាពិសេស​ក្រុម​អាជីវករ​ ​ត្រូវ​ចូលរួម​សហការ​ ​និង​បញ្ឈប់​ការនាំចូល​ ​ឬ​ដាក់​លក់ទំនិញ​ ​បន្លែ​ ​ត្រី​សាច់​ ​ព្រមទាំង​ទំ​និញ​ផ្សេង​ៗ​ទៀត​ ​ដែល​មាន​ដាក់​សារធាតុគីមី​ហាមឃាត់​ ​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​តទៅទៀត​នោះ​ទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close