លោកជំទាវ​ ​Aung​ ​San​ ​Suu​ ​Kyi​ ​មកដល់​កម្ពុជា​ ​សម្រាប់​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​បី​ថ្ងៃ​

​លោកជំទាវ​ ​អោង​ ​សាន​ស៊ូ​ជី​ ​(​Aung​ ​San​ ​Suu​ ​Kyi​)​ ​ទីប្រឹក្សា​រដ្ឋ​ ​នៃ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា​ ​បាន​ដឹកនាំ​គណៈប្រតិភូ​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា​ ​ហើយ​តាម​ជើង​យន្តហោះ​ពិសេស​ ​នា​រសៀល​ថ្ងៃទី២៩​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​បី​ថ្ងៃ​ ​(​ចាប់ពី​ថ្ងៃទី២៩​ ​ខែមេសា​ ​ដល់​ថ្ងៃទី០១​ ​ខែឧសភា​ ​ឆ្នាំ២០១៩​)​ ​ដែល​ជា​ការ​តប​តាម​ការ​អញ្ជើញ​របស់​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​អញ្ជើញ​ទទួល​ ​គណៈប្រតិភូ​នៅ​ព្រលា​នយន្​ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ ​មាន​វត្តមាន​ ​លោកជំទាវ​ ​អ៊ឹ​ង​ ​កន្ថា​ផា​វី​ ​រដ្ឋមន្ត្រី​ក្រសួងកិច្ចការនារី​ ​និង​ឥស្សរជន​ជាន់ខ្ពស់​ជាច្រើន​រូប​ទៀ​។​ ​តាមកម្ម​វិធី​ដែល​បាន​គ្រោ​ទុក​ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ​ ​លោកជំទាវ​ ​អោង​ ​សាន​ស៊ូ​ជី​ ​នឹង​ចូល​បង្គំ​គាល់​ ​ព្រះករុណា​ ​ព្រះបាទ​ ​សម្តេច​ ​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​នៃ​ ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​សម្តេច​ ​ព្រះ​មហាក្សត្រី​ ​នរោត្តម​ ​មុនិនាថ​ ​សីហនុ​ ​ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ ​ក្នុង​សេរីភាព​ ​សេចក្តី​ថ្លៃថ្នូរ​ ​និង​សុភមង្គល​ ​នៅក្នុង​ព្រះបរមរាជវាំង​។​

​លោកជំទាវ​ ​អោង​ ​សាន​ស៊ូ​ជី​ ​ក៏​នឹង​ចូល​ជួប​សម្តែង​ការគួរសម​ជាបន្តបន្ទាប់​ ​ជាមួយ​ ​សម្តេច​វិបុល​សេនា​ភក្តី​ ​សាយ​ ​ឈុំ​ ​ប្រធាន​ព្រឹទ្ធសភា​ ​និង​សម្តេច​ពញា​ចក្រី​ ​ហេង​ ​សំ​រិន​ ​ប្រធាន​រដ្ឋសភា​ ​ព្រមទាំង​មាន​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​។​ ​ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​នេះ​ផង​ដែរ​ ​លោកជំទាវ​ ​Aung​ ​San​ ​Suu​ ​Kyi​ ​នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​ ​គោរព​វិញ្ញាណក្ខន្ធ​នៅ​ស្តូប​វិមានឯករាជ្យ​ ​និង​ព្រះ​មណ្ឌប​ ​ព្រះ​បរម​រតន​កោដ្ឋ​ ​អតីត​ព្រះមហាក្សត្រ​កម្ពុជា​ ​ហើយ​ចុងបញ្ចប់​ ​នៃ​ដំណើរ​ទស្សនកិច្ច​ ​លោកស្រី​ ​នឹង​អញ្ជើញ​ទៅ​ទស្សនា​ប្រាសាទ​មួយចំនួន​ ​នៅ​ខេត្តសៀមរាប​។​

​គួរ​បញ្ជាក់​ដែរ​ថា​ ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោកជំទាវ​ ​អោង​ ​សាន​ស៊ូ​ជី​ ​នៅ​កម្ពុជា​ ​នឹង​ពង្រឹង​ ​និង​ពង្រីក​ថែមទៀត​នូវ​ចំណងមិត្តភាព​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​ ​ព្រមទាំង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ ​និង​ពហុភាគី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close