ទីក្រុង​ហុងកុង​ ​ចែករំលែក​បទពិសោធន៍​ ​ក្នុង​ការគ្រប់គ្រង​ស្លាក​លេខ​ពិសេស​ដល់​មន្រ្តី​កម្ពុជា​

​លោក​ ​សួន​ ​វ៉ាន់​ហុង​ ​អគ្គនាយករង​ ​នៃ​អគ្គនាយក​ដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​កម្ពុជា​ ​នៅដើម​សប្តាហ៍​នេះ​ ​បាន​ដឹកនាំ​គណៈប្រតិភូ​មួយ​ក្រុម​ទៅ​ជួបពិភាក្សា​ជាមួយនឹង​លោក​ ​Reginald​ ​CHAN​ ​អនុប្រធាន​នៃ​គណៈកម្មការ​គ្រប់គ្រង​ ​និង​ចេញ​អាជ្ញា​បណ្ណ​យានយន្ត​ហុងកុង​ ​ដើម្បី​ផ្លាស់​ប្តូរ​បទពិសោធន៍​នៅក្នុង​ការគ្រប់គ្រង​យានយន្ត​ ​ការ​ចេញ​អាជ្ញា​បណ្ណ​ឲ្យ​យានយន្ត​អាច​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវ​សាធារណៈ​ ​ការ​ស្នើសុំ​ចុះបញ្ជី​លេខ​ពិសេស​ផ្ទាល់ខ្លួន​ ​និង​ការ​ដេញថ្លៃ​លេខ​ពិសេស​ផ្ទាល់ខ្លួន​ ​។​

​នៅក្នុង​ជំនួប​ពិភាក្សា​នោះ​ ​រដ្ឋបាល​នៃ​ទីក្រុង​ហុងកុង​ក៏បាន​ចែករំលែក​នូវ​បទពិសោធន៍​ ​ក៏ដូចជា​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ​ជាមួយនឹង​ការគ្រប់គ្រង​ ​និង​ការអនុវត្ត​ច្បាប់​ជុំវិញ​ការ​លក់​លេខ​ចុះបញ្ជី​យានយន្ត​ ​និង​ការអនុវត្ត​ច្បាប់​រឹត​បន្តឹង​ទៅលើ​ការគ្រប់គ្រង​អាជ្ញា​បណ្ណ​របស់​យានយន្ត​ផង​ដែរ​ ​។​

​កាលពី​ពេល​ថ្មី​ៗ​កន្លងទៅ​នេះ​ ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បាន​សហការ​ជាមួយនឹង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​រៀបចំ​នូវ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី​ការគ្រប់គ្រង​ ​និង​ចេញ​ផ្លាក​លេខ​យានយន្ត​ ​និង​កំពុង​រៀបចំ​នីតិវិធី​ស្នើសុំ​ទៅ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​ដើម្បី​ផ្តល់​សុពលភាព​ក្នុង​ការអនុវត្ត​ប្រើប្រាស់​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខនេះ​ ​។​

​លេខ​ពិសេស​ផ្ទាល់ខ្លួន​នេះ​មាន​លក្ខណៈ​ពិសេស​បន្ថែម​ដូច​ខាងក្រោម​៖​
​១​-​ ​លេខ​ពិសេស​ផ្ទាល់ខ្លួន​អនុញ្ញាត​អក្សរ​ឡាតាំង​ ​និង​លេខ​មិន​លើស​ពី៨ខ្ទង់​ ​ដើម្បី​ផ្តល់​ជម្រើស​សំបូរ​បែប​ជូន​ប្រជាពលរដ្ឋ​
​២​-​ ​ម្ចាស់​យានយន្ត​អាច​រក្សាទុក​លេខ​រថយន្ត​ពេល​ដែល​រថយន្ត​ត្រូវ​បាន​លក់​ ​និង​ផ្ទេរ​កម្មសិទ្ធិ​ទៅ​ឱ្យ​បុគ្គល​ទី២​ ​
​៣​-​ ​លេខ​ពិសេស​ផ្ទាល់ខ្លួន​មួយចំនួន​នឹង​ត្រូវ​បាន​ដាក់ដេញថ្លៃ​ ​ដើម្បី​ជំរុញ​ការ​ប្រមូល​ចំណូល​មិនមែន​សារពើពន្ធ​ជូន​រដ្ឋ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close