កម្ពុជាអាចនាំចេញចេកអំបូងលឿងដោយផ្ទាល់ទៅកាន់ប្រទេសចិន មិនបាច់ឆ្លងកាត់ប្រទេសវៀតណាមទៀតទេ
បន្ទាប់ពីមានការចុះពិធីសាររវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញចេកទៅកាន់ប្រទេសចិន កាលពីខែសីហា ឆ្នាំ២០១៨ និងបន្ទាប់ពីមានសារពីអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ឥឡូវនេះ ក្រុមហ៊ុនដាំចេកអំបូងលឿងរបស់កម្ពុជា អាចនាំចេញចេកប្រភេទនេះ ទៅកាន់ប្រទេសចិនដោយផ្ទាល់បានហើយ។
តាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមេសា បានបញ្ជាក់ថា ការនាំចេញចេកអំបូងលឿងទៅកាន់ប្រទេសចិន ក្រុមហ៊ុនដែលទទួលបានសិទ្ធិក្នុងការនាំចេញ ត្រូវរៀបចំសំបកវេចខ្ចប់ឲ្យបានត្រឹមត្រូវស្របតាមលក្ខខណ្ឌតម្រូវដែលមានចែងក្នុងពិធីសារ។ ក្នុងនោះ ត្រូវមាន ឈ្មោះក្រុមហ៊ុននាំចេញ, ឈ្មោះផលិតផល, លេខកូដចុះបញ្ជីកសិដ្ឋាន, លេខកូដចុះបញ្ជីទីតាំងវេចខ្ចប់, និងប្រទេសប្រភពដើមផលិតផលជាដើម។
ជាមួយគ្នាក្រុមហ៊ុននាំចេញក៏ត្រូវមានវិញ្ញាបនបត្រភូតគាមអនាម័យច្បាប់ដើមភ្ជាប់មកជាមួយនៅពេលនាំចេញមួយលើកៗផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៥ប៉ុណ្ណោះ ដែលទទួលបានការអនុញ្ញាតឲ្យនាំចេញចេកទៅកាន់ប្រទេសចិន រួមមាន ១.ក្រុមហ៊ុន Longmat Agriculture, ២.ក្រុមហ៊ុន Long Sreng Hua Jian Agriculture Development, ៣.ក្រុមហ៊ុន Green Island Agriculture Development, ៤.ក្រុមហ៊ុន Sovann Reachsey និង ៥.ក្រុមហ៊ុន Grand Land Agriculture Development៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។