កម្ពុជា​-​មីយ៉ាន់ម៉ា​ ​ពិភាក្សា​ពី​ការ​ពង្រឹង​ទំនាក់ទំនង​ ​នៃ​ប្រទេស​ទាំងពីរ​

​នៅ​ព្រឹក​ថ្ងៃទី៣០​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកជំទាវ​ ​អោង​ ​សាន​ស៊ូ​ជី​ ​(​Aung​ ​San​ ​Suu​ ​Kyi​)​ ​ទីប្រឹក្សា​រដ្ឋ​ ​នៃ​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា​ ​ក្នុង​ឱកាស​ដែល​លោកជំទាវ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល៣ថ្ងៃ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ក្នុង​ជំនួប​ពិភាក្សា​ការងារ​នោះ​ ​លោកជំទាវ​ ​អោង​ ​សាន​ស៊ូ​ជី​ ​(​Aung​ ​San​ ​Suu​ ​Kyi​)​ ​បាន​ជម្រាប​ជូន​សម្តេច​តេជោ​ថា​ ​នេះ​គឺជា​លើក​ទី១ហើយ​ ​ដែល​លោកជំទាវ​ ​បាន​បំពេញ​ដំណើរ​ទស្សនកិច្ច​មកកាន់​កម្ពុជា​ ​ក្នុង​ការ​មក​ជួប​ចរចា​ជាមួយនឹង​សម្ដេច​តេជោ​ ​ហើយ​ជាពិសេស​គឺ​ដើម្បី​ពង្រឹង​ ​និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​ ​រវាង​ប្រទេស​ទាំងពីរ​ ​ឲ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង​ ​ហើយ​កាន់តែ​សកម្ម​ឡើង​ថែមទៀត​។​ ​ក្នុង​ន័យ​នេះ​ ​លោកជំទាវ​បាន​លើកឡើង​ ​ពី​កិច្ច​សហប្រតិបត្តិ​ការ​ ​លើ​វិស័យ​វប្បធម៌​ ​វិស័យ​សាសនា​ ​វិស័យ​អប់រំ​ ​ដូចជា​វិស័យ​សេដ្ឋកិច្ច​ផង​ដែរ​។​

​ជា​ការ​ឆ្លើយតប​ ​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ស្វាគមន៍​ ​ចំពោះ​ការ​លើកឡើង​នូវ​កិច្ច​សហប្រតិបត្តិ​ការ​សំ​ខាន់​ៗ​ ​រវាង​ប្រទេស​យើង​ទាំងពីរ​ ​ដែល​លោកជំទាវ​ ​អោង​ ​សាន​ស៊ូ​ជី​ ​បាន​លើកឡើង​។​ ​សម្ដេច​តេជោ​បាន​សង្កត់ធ្ងន់​ថា​ ​ទាក់ទង​ទៅ​នឹង​ ​បញ្ហា​វប្បធម៌​នៅ​ឆ្នាំ២០២០ខាងមុខនេះ​ ​គឺជា​ខួប៦៥ឆ្នាំ​ ​នៃ​ការបង្កើត​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ ​ដូច្នេះ​យើង​គប្បី​ណា​រៀបចំ​រួមគ្នា​នូវ​សកម្មភាព​ឲ្យ​មាន​ភាព​អធិកអធម​ផង​ ​និង​ជំរុញ​វិស័យ​ទេសចរណ៍​ ​រវាង​ប្រទេស​ទាំងពីរ​ផង​ ​ជាពិសេស​ខេត្តសៀមរាប​ ​និង​ខេ​ត្ត​បា​ហ្គាន​ ​ដែល​ជា​ខេត្ត​ពោរពេញ​ទៅ​ដោយ​ ​ប្រាសាទ​បេតិកភណ្ឌ​។​

ពាក់ព័ន្ធ​ទៅ​នឹង​សាសនា​ ​សម្ដេច​តេជោ​ ​បាន​ថ្លែងអំណរគុណ​ដល់​សហភាព​មីយ៉ាន់ម៉ា​ ​ដែល​អនុញ្ញាត​ឲ្យ​កម្ពុជា​សាងសង់​ព្រះ​វិ​ហា​រក្នង​ខេត្ត​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ​ហើយ​បាន​អរគុណ​ផង​ដែរ​ ​ដល់​ប្រទេស​មីយ៉ាន់ម៉ា​ ​ដែល​បាន​បណ្តុះបណ្តាល​ ​សមណ​សង្ឃ​ ​ឲ្យ​ទទួល​បានការ​អប់រំ​នៅ​ទីនោះ​ ​ដោយ​រហូតមកដល់​បច្ចុប្បន្ន​នេះ​ ​គឺ​មាន​សមណ​សង្ឃ​ចំនួន៩៤អង្គ​ហើយ​ ​ដែល​បាន​បញ្ចប់​ការសិក្សា​ ​ពី​ប្រទេស​មីយ៉ាន់ម៉ា​ ​ហើយ​នៅ​មាន​ចំនួន៤អង្គ​ទៀត​ ​ដែល​កំពុង​បន្ត​ការសិក្សា​នៅ​ទីនោះ​។​

​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​អប់រំ​ ​សម្ដេច​តេជោ​ ​បាន​ស្នើសុំ​ឲ្យ​ធ្វើ​យ៉ាងណា​ ​មានការ​ជំរុញ​អនុវត្ត​នូវ​កិច្ច​ព្រមព្រៀង​ ​ដែល​បាន​ចុះហត្ថលេខា​ ​ជាមួយគ្នា​រួចហើយ​។​ ​លើស​ពីនោះ​ទៅទៀត​ ​ក៏​សូមឲ្យ​មានការ​ផ្លាស់ប្ដូរ​ ​ទំនាក់ទំនង​រវាង​និស្សិត​កម្ពុជា​ ​និង​និស្សិត​មីយ៉ាន់ម៉ា​ ​ទៅវិញទៅមក​ ​ដែល​មានការ​គាំទ្រ​ពី​ ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​។​ ​ក្នុង​ឱកាស​នោះ​ ​សម្តេច​តេជោ​ ​ក៏បាន​ផ្តល់​អាហារូបករណ៍​ចំនួន១០​ ​ទៅដល់​ប្រទេស​មីយ៉ាន់ម៉ា​ផង​ដែរ​ ​ដើម្បី​មាន​និស្សិត​មីយ៉ាន់ម៉ា​ ​មក​សិក្សា​នៅ​កម្ពុជា​ ​សម្រាប់​ឆ្នាំ២០១៩​-​២០២០​។​

​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​សេដ្ឋកិច្ច​ ​សម្ដេច​តេជោ​ ​បាន​ស្នើសុំ​ឲ្យ​មានការ​ត្រួតពិនិត្យ​លើ​បញ្ហា​ពន្ធ​ត្រួត​គ្នា​ ​និង​វិស័យ​ដទៃទៀត​ដែល​ប្រទេស​យើង​ទាំងពីរ​ ​មាន​សក្តា​នុ​ពល​ ​ជំរុញ​ឲ្យ​មានការ​រីកចម្រើន​កាន់តែ​ធំធាត់​ឡើង​។​ ​ជាពិសេស​ ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ ​ពី១០លាន​ដុល្លារ​ ​ឲ្យបាន​កាន់តែ​ធំឡើង​ ​ច្រើនជាង​មុន​បន្ថែម​ទៀត​។​ ​រាល់​កិច្ចការ​ ​ដែល​បាន​លើកឡើង​ខាងលើ​នេះ​ ​លោកជំទាវ​ ​និង​សម្ដេច​តេជោ​ ​បាន​ឯកភាព​គ្នា​ ​ជំរុញ​វិស័យ​សំ​ខាន់​ៗ​ទាំងនេះ​ ​ហើយក៏​បាន​ផ្ដល់​ការ​ទុកចិត្ត​ ​និង​ឲ្យ​រដ្ឋមន្ត្រី​ដែល​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ​ ​ធ្វើការងារ​នោះ​ជាបន្តបន្ទាប់​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close