ទាស់គ្នា​រឿង​ស៊ីផ្លេ​ ​មន្ត្រី​ក្រសួងមហាផ្ទៃ​ម្នាក់​ដក​កាំភ្លើង​បាញ់៥គ្រាប់​ ​ផ្អើល​សមត្ថកិច្ច​ខណ្ឌ​ច្បារអំពៅ​ទាំង​កណ្តាល​យប់​

​ប្រហែល​ដោយសារតែ​រឿង​ស៊ីផ្លេ​ឡាន​ដាក់គ្នា​ ​ធ្វើឲ្យ​មន្រ្តី​ក្រសួងមហាផ្ទៃ​ម្នាក់​ ​រួម​ទាំង​បក្ខពួក​បាន​ដក​កាំភ្លើងខ្លី​របស់​ខ្លួន​បាញ់ប្រហារ​ទៅលើ​ប្តី​ប្រពន្ធ​មួយគូ​ ​ធ្វើឲ្យ​ផ្អើល​ដល់​សមត្ថកិច្ច​ ​នៃ​អធិការ​នគរបាល​ខណ្ឌ​ច្បារអំពៅ​ទាំង​កណ្តាល​យប់​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង១រំលង​អា​ធ្រា​ត​ ​ឈាន​ចូល​ថ្ងៃទី២​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​នៅ​ចំណុច​ក្បែរ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ ​តាម​បណ្ដោយ​ផ្លូវ៣៦៣​ ​កែង​និង​ផ្លូវ​លេខ៦២៨​ ​ក្នុង​សង្កាត់​ច្បារអំពៅ​ ​ខណ្ឌ​ច្បារអំពៅ​ ​រាជធានី​ភ្នំពេញ​ ​។​

​បុរស​រងគ្រោះ​ដែល​ត្រូវ​ជន​បង្ក​ដក​កាំភ្លើង​បាញ់ប្រហារ៥គ្រាប់​ខាងលើ​មានឈ្មោះ​ ​ភូ​រី​ស្ស​ ​ស្តូ​រ៉ា​ន់​ ​អាយុ៣៤ឆ្នាំ​ ​ស្នាក់នៅ​សង្កាត់​ព្រែកប្រា​ ​ខណ្ឌ​ច្បារអំពៅ​ ​និង​ប្រពន្ធ​មានឈ្មោះ​ ​តាំង​ ​សុខ​ឡេង​ ​អាយុ៣១ឆ្នាំ​ ​មុខ​របប​បុគ្គលិក​ ​ណា​ហ្គវើល​ ​ស្នាក់នៅ​ជាមួយគ្នា​ ​។​

​ចំណែក​ជន​បង្ក​មានឈ្មោះ​ ​ដួង​ ​ណាគ្រី​ ​អាយុ៤៧ឆ្នាំ​ ​មានមុខ​ងារ​ជាម​ន្ត្រី​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ ​ស្នាក់នៅ​ផ្ទះលេខ943​ ​ផ្លូវ​លេខ៣៦០​ ​សង្កាត់​បឹងកេងកង៣​ ​ខណ្ឌចំការមន​ ​និង​បក្ខពួក​ម្នាក់ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​ ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំង២នាក់​មក​អធិការ​ខណ្ឌ​ច្បារអំពៅ​ ​ភ្លាម​ៗ​ ​។​

យោង​តាម​សម្ដី​បុរស​រងគ្រោះ​ខាងលើ​បាន​ប្រាប់ឲ្យដឹង​ថា​ ​មុន​ពេល​កើតហេតុ​ ​រូប​គាត់​និង​ប្រពន្ធ​ ​បាន​បើករថយន្ត​ម៉ាក​ ​RANGE​ ​ROVER​ ​ពណ៌​ក​ណ្ដុ​លប្រ​មេះ​ ​ពាក់​ស្លាក​លេខ​ ​ភ្នំពេញ​ ​2U​-​ ​4448​ ​ចេញពី​ហូប​អី​នៅ​ម្ដុំ​ផ្សារដើមគរ​ ​ហើយក៏​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​សង្កាត់​ព្រែកប្រា​ ​ខណ្ឌ​ច្បារអំពៅ​ ​។​ ​ខ​ណះ​រូប​គាត់​បើករថយន្ត​មកដល់​មុខ​អតីត​ក្លឹប​កម្សាន្ត​ ​រ៉ុ​ក​ ​ក៏​ស្រាប់តែ​មាន​ជន​បង្ក២នាក់​ ​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ ​LEXLIS​ ​RX350​ ​ពណ៌ស​ ​ពាក់​ស្លាក​លេខ​ ​សៀមរាប​ ​2B​-​5153​ ​មក​ពីក្រោយ​ ​ហើយ​ចុច​ស៊ី​ផ្លេ​ខ្លាំង​ៗ​ ​ពេលនោះ​គាត់​បាន​បន្ថយល្បឿន​ឈប់​សួរ​ថា​ ​មានរឿង​អី​ ​?​ ​រី​ឯ​ជន​បង្ក​ឆ្លើយ​ថា​ ​អញ​ចាប់​ហែង​.​.​!​ ​រួច​ជនរងគ្រោះ​ក៏​ឆ្លើយតប​វិញ​ថា​ ​ខ្ញុំ​ខុស​អី​?​.​.​.​។​

​បន្ទាប់មក​ ​ជន​បង្ក​បាន​ឲ្យ​ជនរងគ្រោះ​បើករថយន្ត​មក​អធិការ​ខណ្ឌ​ច្បារអំពៅ​ ​រី​ឯ​ជនរងគ្រោះ​ក៏​សុខចិត្ត​បើករថយន្ត​មក​មុន​ ​ខ​ណះ​ជិតដល់​របង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ទៅ​ហើយ​ ​ស្រាប់តែ​ជន​បង្ក​ម្នាក់​ចុះ​មក​បាញ់​ប្រ​ហា​ទៅលើ​ជនរងគ្រោះ​ទាំង​មិនទាន់​ឈប់​រថយន្ត​ ​ចំ​កញ្ចក់​ពីក្រោយ​រថយន្ត​ ​RANGE​ ​ROVER​ ​ចំនួន៥គ្រាប់​ ​ធ្វើឲ្យ​កញ្ចក់​រថយន្ត​បែក​ធ្លុះធ្លាយ​ ​និង​បណ្ដាលឲ្យ​ស្ត្រីជា​ប្រពន្ធ​ភ័យ​សន្លន់​ស្លោ​រហូតដល់​សន្លប់​បាត់ស្មារតី​ ​។​ ​រួចហើយ​ជន​បង្ក​ក៏បាន​បើករថយន្ត​ចេញពី​កន្លែង​កើតហេតុ​ ​តែមួយ​សន្ទុះ​ក្រោយមក​ក៏​ត្រឡប់មកវិញ​។​

​ភ្លាម​ៗ​នោះ​ ​ដោយ​ទីតាំង​កើតហេតុ​ក្បែរ​និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ ​ទើប​ធ្វើឲ្យ​សមត្ថកិច្ច​ចេញ​មក​អន្តរាគមន៍​នាំ​ខ្លួន​ជន​បង្ក​ទាំង២នាក់​ចូល​ទៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ ​ដើម្បី​សួរនាំ​តែម្ដង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close