អ្នករាយការណ៏ពិសេសរបស់ឧត្ដមស្នងការអង្គការសហប្រជាជាតិ ស្នើឲ្យរដ្ឋបាលរាជធានី បង្កើនឲ្យមានច្រកចេញចូលតែមួយនៅតាមខណ្ឌ និងរាជធានី
លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានស្នើឲ្យរដ្ឋបាលរាជធានីភ្នំពេញ បង្កើនឲ្យមានច្រក ចេញ ចូលតែមួយនៅតាម បណ្ដាខណ្ឌនិងរាជធានី ដើម្បីបំរើសេវាជូនប្រជាពលរដ្ឋ បានល្អថែមទៀត។
លោកស្រី បានស្នើបែបនេះខណៈ លោកស្រីបានចូល ជួបពិភាក្សាការងារជាមួយ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចង់ដឹងពីការងារ មួយចំនួនពាក់ព័ន្ធ នឹងសិទ្ធិមនុស្សនៅកម្ពុជា ហើយលោកស្រីក៏បានសម្តែងការ កោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបង្កើន អោយមានច្រក ចេញ ចូលតែមួយនៅតាមខណ្ឌ និងរាជធានី ដើម្បីបំរើសេវាជូនប្រជាពលរដ្ឋ ឲ្យបានល្អថែមទៀត។
ក្នុងឱកាសនោះ លោកស្រីបានដាក់ចេញជាសំណួរមួយចំនួនមកអាជ្ញាធររាជធានី ក្នុងនោះលោកស្រីបានចោទសួរលើបញ្ហា នៃការអនុវត្តតួនាទីភារកិច្ច រដ្ឋបាលរាជធានីភ្នំពេញដែលក្រសួងមហាផ្ទៃដាក់ឱ្យអនុវត្ត ។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេង បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកស្រីមកប្រទេសកម្ពុជាចាប់ពីថ្ងៃទី២៩ខែមេសា រហូតដល់ថ្ងៃទី ០៩ខែឧសភា។ លោក ឃួង ស្រេង បានថ្លែងការអរគុណចំពោះអង្គការ សហប្រជាជាតិ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជានិយាយដោយឡែក រាជធានីភ្នំពេញមានភាពជាដៃគូដែលមានសារៈសំខាន់ក្នុងការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចនេះលោកជឿជាក់ថា នឹងនាំមកនូវកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរក្នុងការរួមចំណែកកែលម្អជីវភាព កាត់ បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពរដ្ឋ ស្របតាម គោល ការណ៍សហស្សវត្សរ៍និងកម្មវិធី នយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋារបស់ពិបាករបស់យើងខ្ញុំ។
លោក ឃួង ស្រេង បានលើកឡើងពីការអភិវឌ្ឍរីកចំរើនយ៉ាងខ្លាំងចំពោះការរីកចម្រើនរបស់ រាជធានីភ្នំពេញនិងការកើនឡើងប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ។ ទន្ទឹមនឹងនេះដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ រដ្ឋបា លរាជធានីភ្នំពេញនៅបានបង្កើតឲ្យមានច្រកចេញចូលតែមួយនៅតាមខណ្ឌទាំងអស់នៅក្នុងរាជធានីភ្នំពេញនិងនូវបានបង្កើតឲ្យមានច្រកចេញចូលតែមួយនៅថ្នាក់រាជធានីថែមទៀត។
លោកស្រី រ៉ូណា ស្មីត ក្នុងឱកាសនោះដែរក៏បានថ្លែងការកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញដែលបានបង្កើន ឲ្យមានច្រកចេញ ចូលតែមួយនៅ គ្រប់ខណ្ឌ ក្នុងរាជធានីភ្នំពេញ និងបង្កើន ឲ្យមានច្រកចេញចូលតែមួយនៅថ្នាក់រាជធានីភ្នំពេញ ដើម្បីបម្រើសេវាជូនពលរដ្ឋកាន់តែល្អប្រសើថែមទៀត ។ នេះគឺជាការអនុវត្ត នៃការផ្ដល់សេវាជូនប្រជាពលរដ្ឋមួយដ៏ល្អសម្រាប់រាជធានីភ្នំពេញ។ បន្ថែមពីលើនេះទៀតលោកស្រីក៏បានស្នើឲ្យមានការបញ្ចេញមតិឲ្យមានតុល្យភាពគ្នា។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា ចំពោះការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ គឺរដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតិឲ្យប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិគ្រប់បែបយ៉ាង ដោយយើងបានបង្កើតឲ្យមានទីលានប្រជាធិបតេយ្យមួយ ដើម្បីឲ្យពួកគាត់ធ្វើការតវ៉ា បានបញ្ចេញមតិ ។
លោកបន្តទៀតថា តាមការណែនាំរបស់ក្រសួងមហាផ្ទៃ គឺបានណែនាំឲ្យរាជធានី ខេត្តទូទាំងប្រទេសទាំងអស់បង្កើតឲ្យមានទីលានប្រជាធិបតេយ្យមួយនៅតាមបណ្ដារាជធានី ខេត្តរបស់ខ្លួនដើម្បីអោយប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនបានធ្វើការតវ៉ា និងបានបញ្ចេញមតិ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។