ឆេះ​រោងម៉ាស៊ីន​ភ្លើង​ភោជនីយដ្ឋាន​អា​ប៉ូ​ឡូ​ប្លា​ស្សា​នៅខេត្ត​សៀមរាបយប់មិញ​ ផ្អើល​ភ្ញៀវ និង​ម្ចាស់​ដើមការរត់ចែកជើងគ្នា

រោងម៉ាស៊ីនភ្លើង​ចំនួន​២​របស់​​ភោជនីយដ្ឋាន​អា​ប៉ូ​ឡូ​ប្លា​ស្សា​ ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦​ ​ក្នុង​ភូមិ​ខ្នារ​ ​សង្កាត់​ជ្រាវ​ ​ក្រុង​សៀមរាប​ ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​កាលពី​វេលា​ម៉ោង​ប្រមាណ៨​ ​និង២០នាទី​យប់​ថ្ងៃទី៥​ ​ខែឧសភា​ ​ម្សិលមិញ​ ​ដោយ​ផ្តើម​ពី​ការ​ផ្ទុះ​បំពង់ស៊ីម៉ាំង​ម៉ាស៊ីនភ្លើង។​

​តាម​ប្រភព​ពី​សន្តិសុខ​របស់​ភោជនីយដ្ឋាន​អា​ប៉ូ​ឡូ​ប្លា​ស្សា​បាន​ឲ្យដឹង​ថា​ ​នៅមុន​ពេល​កើតហេតុ​ ​នៅ​អគារA​ ​របស់​ភោជនីយដ្ឋាន​ ​មាន​ពិធីជប់លៀង​អាពាហ៍​ពិពាហ៍​មួយ​ ​។​ ​លុះដល់​ម៉ោង​កើតហេតុ​ខណៈ​ដែល​ភ្ញៀវ​កំពុង​សប្បាយរីករាយ​ ​ស្រាប់តែ​ដាច់​ចរន្ត​អគ្គិសនី​ ​និង​ឃើញ​មាន​បែក​ផ្កាភ្លើង​ចេញពី​បំពង់ស៊ីម៉ាំង​ម៉ាស៊ីនភ្លើង ហើយ​ក៏​ផ្តើម​ចេញ​ជា​អគ្គិភ័យ​សន្ធោ​រស​ន្ធៅ​តែម្តង​។​

​យ៉ាងណាក៏ដោយ​ ​ករណីនេះ​ ​គេ​ឃើញ​មានការ​ចុះទៅ​ជួយ​អន្តរាគមន៍​ដោយ​ផ្ទាល់​ពី​លោក​អភិបាលខេត្ត​សៀមរាប​ ​និង​ដឹកនាំ​ផ្ទាល់​ដោយ​លោកស្នងការ​នគរបាល​ខេត្តសៀមរាប​ផង​ដែរ​។​

​លោក​ ​ទិត្យ​ ​ណា​រ៉ុង​ ​ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យដឹង​ថា​ ​បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ ​លោក​បាន​បញ្ជា​ឡានទឹក​ជាច្រើន​គ្រឿង​ ​ដើម្បី​ពន្លត់​អគ្គីភ័យ​នេះ​ ​ប៉ុន្តែ​ដោយសារ​នៅ​ជិត​ម៉ាស៊ីនភ្លើង​នេះ​មាន​ស៊ីទែន​សាំង​រហូតដល់៥ពាន់​លីត្រ​ ​បណ្តាល​ឲ្យ​ឆេះ​ខ្លាំង​ហើយ​ពិ​ក​បា​ក​ក្នុង​ការ​ពន្លត់​ ​តែ​សមត្ថកិច្ច​បាន​បាញ់​ទឹក​អស់​ជាច្រើន​ឡាន​ ​និង​ប្រើ​ពេល​អស់​ប្រមាណ១ម៉ោង​ទើប​ពន្លត់​អគ្គីភ័យ​នេះ​បាន​រលត់​ទាំងស្រុង​វិញ​។​

​លោក​ទិត្យ​ ​ណា​រ៉ុង​ ​ឲ្យដឹង​ថា​ ​ករណី​អគ្គីភ័យ​នេះ​គឺ​ឆាបឆេះ​តែ​ម៉ាស៊ីនភ្លើង​ ​និង​រោង​ដាក់​ម៉ាស៊ីនភ្លើង​នោះ​តែប៉ុណ្ណោះ​ ​វា​មិនបាន​ឆេះ​រាល​ដា​ដល់កន្លែង​ផ្សេង​ឬ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់អាយុ​ជីវិត​មនុស្ស​ណា​ម្នាក់​នោះ​ទេ​។​

​តាមរបាយការណ៍របស់សមត្ថកិច្ច ករណីអគ្គិភ័យ​នេះ បណ្តាល​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ​៨ម៉ឺន​ដុល្លារអាមេរិក។

ដោយ​ឡែក​ដើម្បីជួយអន្តរាគមន៍​ពន្លត់អគ្គិភ័យ​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ​សរុបចំនួន​១៤គ្រឿង និងប្រើប្រាស់​ទឹក​អស់​ចំនួន​២៤ឡាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close