រដ្ឋមន្ត្រី​ទេសចរណ៍​ ​ជំរុញ​អោយ​អាជ្ញាធរ​ខេត្តកំពត​ ​និង​អ្នក​ពាក់ព័ន្ធ​ចូលរួម​ពង្រឹង​ភាព​សេវាកម្ម​ទេសចរ​នៅ​បុណ្យ​សមុទ្រ​ខាងមុខនេះ​

​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី៨​ ​(​ជុំ​ទី២​)​ ​នា​ថ្ងៃទី០៦​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​នៅ​សាលាខេត្ត​កំពត​ ​ឯកឧត្តម​ ​ថោង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ​និង​ឯកឧត្តម​ ​ជាវ​ ​តាយ​ ​អភិបាលខេត្ត​កំពត​ ​បាន​ប្រកាស​ដាក់ទិស​ដៅ​ជាច្រើន​ ​ដើម្បី​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី៨នេះ​ ​ឱ្យ​កាន់តែ​អធិកអធម​ជាង​ឆ្នាំ​មុន​ៗ​។​

​ទិសដៅ​ទាំងនោះ​ ​រួមមាន​៖​
​*​ ​ជំរុញ​មានការ​រៀបចំ​ ​«​វិថី​ម្ហូបអាហារ​»​ ​ឬហៅ​ថា​ ​Food​ ​Street​ ​នៅ​ទីតាំង​ណាមួយ​នៃ​ពិធីបុណ្យ​សមុទ្រ​ខាងមុខ​ឱ្យ​បាន​ល្អ​ប្រសើរ​ ​ហើយ​ ​Food​ ​Street​ ​នេះ​ ​ក៏​ទុកជា​ផលិតផល​ទេសចរណ៍​អចិន្ត្រៃយ៍​ ​សម្រាប់​ទីក្រុង​កំពត​ផង​ដែរ​។​
​*​ ​ស្នើសុំ​ក្រសួងសាធារណការ​ ​និង​ដឹក​ជញ្ជួន​ជួយ​ពន្លឿន​ការ​ជួសជុល​ផ្លូវជាតិ​លេខ៣​ ​ផ្លូវ​មក​ពី​វាលរេញ​ ​និង​ផ្លូវ​ដទៃទៀត​ ​ដែល​ភ្ជាប់​មក​ខេត្តកំពត​។​
​*​ស្នើ​ពន្លឿន​ការសាងសង់​កំពង់ផែ​ទេសចរណ៍​ ​ដោយ​បង្កើន​ការ​ធ្វើការ​ ​និង​បន្ថែមចំនួន​កម្មករ​ជំនាញ​ ​និង​វិស្វករ​។​
​*​ ​ត្រៀម​រៀបចំ​ឱ្យ​មានការ​តាំងពិព័រណ៍​ផលិតផល​ក្នុង​ស្រុក​ឲ្យបាន​សម្បូរ​បែប​ ​ប្រកបដោយ​គុណភាព​ ​បើ​អាច​ធ្វើ​បាន​ស្នើ​រៀបចំ​ការ​តាំង​លក់​សម្លៀក​បំពាក់​ល្អ​ៗ​ដែល​ផលិត​ក្នុង​ស្រុក​ ​ដូចជា​ផលិតផល​ ​outlet​ ​ជូន​ប្រជាពលរដ្ឋ​ ​និង​ទេសចរ​អន្តរជាតិ​ ​នៅក្នុង​ពិធីបុណ្យ​សមុទ្រ​ ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មានឱកាស​បាន​ទិញ​យក​ទៅ​ប្រើប្រាស់​ក្នុង​តម្លៃ​មួយ​សមរម្យ​។​
​នាំគ្នា​ធ្វើឲ្យ​គោលដៅ​ទេសចរណ៍​កំពត​ ​ជាគោល​ដៅ​គំរូ​ខាង​គុណភាព​ផលិតផល​ ​ទំនិញ​ ​និង​សេវា​ ​គ្មាន​ទំនិញ​ក្លែងក្លាយ​ ​និង​អន់​គុណភាព​។​
​នៅ​តាម​ភោជនីយដ្ឋាន​ ​អាហារដ្ឋាន​ ​ក្នុង​មរ​មណី​យ​ដ្ឋាន​ទេសចរណ៍​នានា​ ​ត្រូវ​គិតគូរ​លើ​បញ្ហា​អនាម័យ​ចំណីអាហារ​ ​បដិសណ្ឋារ​កិច្ច​ ​ការ​ទុកដាក់​សំរាម​ ​កាក​សំ​ណ​ល់​ផ្សេង​ៗ​។​
​ត្រូវ​បន្ត​បំផុស​ចលនា​ឲ្យ​ប្រជាជន​ចូល​រួម​គ្រប់​ៗ​គ្នា​ ​ពិសេស​ចលនា​ ​«​គ្មាន​សំរាម​ក្រោម​តុ​»​។​
​ត្រូវ​បង្កើន​យុទ្ធនាការ​បង្គន់​អនាម័យ​ ​ទាំង​សាធារណៈ​ ​និង​ឯកជន​ ​ទៅតាម​ស្តង់ដារ​ជាតិ​ ​និង​អន្តរជាតិ​។​ ​យើង​ឯកភាព​គ្នា​យក​ខេត្តកំពត​ជា​ខេត្ត​គំរូ​ ​ខាង​បង្គន់​អនាម័យ​សាធារណៈ​ល្អ​។​
​*​ ​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​ ​សហការ​ជាមួយ​នាយកដ្ឋាន​ជំនាញ​ ​ត្រូវ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ ​ឱ្យ​បាន​ទូលំទូលាយ​ចាប់ពី​ពេលនេះ​ទៅ​ ​ដូចជា​រមណីយដ្ឋាន​ទេស​ចរ​ណ៍​ថ្មី​ៗ​ ​ដូចជា​រមណីយ​ដ្ឋាន​កសិ​ទេសចរណ៍​ ​ចម្ការ​ម្រេច​ដ៏​ល្បីល្បាញ​ ​រមណីយដ្ឋាន​ភ្នំបូកគោ​ ​ពិសេស​ព័ត៌មាន​ដែល​ភ្ញៀវ​ទេសចរ​អាច​មើលឃើញ​កញ្ចុំ​ផ្កាយ​រាប់​លាន​ដួង​ ​ឬហៅ​ថា​ ​កាឡាក់ស៊ី​មី​គី​វ៉េ​យ​ ​នៅ​លើ​ភ្នំបូកគោ​។​
​គួរ​រៀបចំ​វាលស្រែ​អំបិល​ឲ្យបាន​ល្អ​ ​ទុក​សម្រាប់​ទេសចរ​ ​ស្វែងយល់​ ​និង​ទស្សនា​។​
​*​ ​ជំរុញ​ឱ្យ​បង្កើត​សកម្មភាព​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ ​ចាប់ពី​ពេលនេះ​តទៅ​អោយ​បាន​សកម្ម​និង​ផុល​ផុលផុស​ពិសេស​អំពី​អនាម័យ​ម្ហូបអាហារ​ ​ការ​ទទួល​បដិសណ្ឋារ​កិច្ច​ចំពោះ​ភ្ញៀវ​ទេសចរ​ ​ដាច់ខាត​ត្រូវ​គិតគូរ​លើ​ភាព​ស្អាត​ ​និង​បៃតង។​
​*​ ​ត្រូវ​ផ្សព្វផ្សាយ​ប្រាប់​ប្រជាជន​ក្នុង​ខេត្ត​ឱ្យ​ត្រៀម​រៀបចំ​ការ​តុបតែង​លម្អ​លំនៅ​ដ្ឋាន​ ​និង​ទីធ្លា​រជុំ​វិញ​ផ្ទះ​ ​ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​កម្សាន្ត​ក្នុង​ពិធីបុណ្យ​សមុទ្រ​ ​ពិសេស​អាជ្ញាធរ​ក៏​ត្រូវ​រៀបចំ​តុបតែង​លម្អ​ទីក្រុង​ឱ្យ​បាន​ស្អាត​ ​ប្រកបដោយ​ភាព​ទាក់ទាញ​។​
​អាជ្ញាធរ​ត្រូវ​គិតគូរ​លើ​បញ្ហា​សណ្ដាប់ធ្នាប់​សាធារណៈ​ ​ការ​ចត​យានយន្ត​នៅ​តាមផ្លូវ​ក៏​ត្រូវ​រៀបចំ​ឱ្យ​មាន​សណ្ដាប់ធ្នាប់​ផង​ដែរ​។​

​សូមជម្រាប​ថា​ ​ពិធីបុណ្យ​សមុទ្រ​លើក​ទី៨នេះ​ ​នឹង​ត្រូវ​ធ្វើឡើង​នៅ​អំឡុង​ខែធ្នូ​ ​ឆ្នាំ២០១៩​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close