សម្តេច ហ៊ុន សែន ស្នើព្រះមហាក្សត្រ ផ្លាស់ប្តូរតំណែងអភិបាលខេត្តបន្ទាយមានជ័យ
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ នឹងត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ស្នើទៅកាន់ព្រះមហាក្សត្រធ្វើការផ្លាស់ប្តូរតំណែងពីអភិបាលខេត្តបន្ទាយមានជ័យ។
យោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ដោយផ្អែកតាមសេចក្តីត្រូវការចាំបាច់របស់រាជរដ្ឋាភិបាល និងដោយពិនិត្យទៅលើលក្ខណសម្បត្តិ សមត្ថភាព និងបទពិសោធន៍ការងាររបស់មន្រ្តីរាជការ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពការដឹកនាំ និងការគ្រប់គ្រងការងាររដ្ឋបាលខេត្តបន្ទាយមានជ័យឲ្យមានដំណើរការល្អប្រសើរ សម្តេចស្នើសុំផ្ទេរភារកិច្ច លោក សួន បវរ ពីអភិបាលខេត្តបន្ទាយមានជ័យ ឲ្យមកបម្រើការងារនៅទីស្តីការក្រួងមហាផ្ទៃដើម្បីទទួលភារកិច្ចថ្មី។
ជាមួយគ្នានេះ សម្តេចក៏ស្នើសុំតែងតាំង លោក អ៊ុំ រាត្រី ជាអភិបាលខេត្តបន្ទាយមានជ័យ ជំនួសលោក សួន បវរ ព្រមទាំងស្នើសុំបញ្ជូនលោក តឹង វណ្ណៈ មន្រ្តីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ តែងតាំងជាអភិបាលរងខេត្តបន្ទាយមានជ័យ។
ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរតំណែងអភិបាលខេត្តបន្ទាយមានជ័យនេះ ត្រូវគេមើលឃើញថា បានកើតឡើងក្រោយរយៈពេលថ្មីៗនេះ លោក សួន បវរ បានជួបនូវរឿងអាស្រូវ ដោយមានស្រ្តីម្នាក់ដែលអះអាងថា គឺជាស្រីកំណាត់របស់លោក រហូតមកធ្វើការតវ៉ាដល់ខាងមុខសាលាខេត្ត ទាមទារឲ្យលោកទទួលខុសត្រូវទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។