រដ្ឋមន្រ្តីក្រសួងកសិកម្ម អគុណធនាគារពិភពលោក ដែលចូលរួមអភិវឌ្ឍប្រទេសកម្ពុជា
រាជធានីភ្នំពេញ ៖ ក្នុងឱកាសជួបជាមួយលោកស្រី Aparna Subramani នាយកប្រតិបត្តិនៃធនាគារពិភពលោក កាលពីរសៀលថ្ងៃទី៩ ឧសភា ម្សិលមិញ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារពិភពលោកដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ពិសេសវិស័យកសិកម្មនេះតែម្តង។
លោករដ្ឋមន្រ្តីបញ្ជាក់ថា ធនាគារពិភពលោក បានជួយកម្ពុជាពីប្រទេសដែលខ្វះស្បៀងសម្រាប់ប្រជាជន មកជាប្រទេសដែលមានអតិរេកស្បៀង និងផលិតផលិតផលកសិកម្មដើម្បីធ្វើការនាំចេញ។ តែយ៉ាងណា វិសាលភាពនៃការអភិវឌ្ឍក្នុងវិស័យនេះនៅមិនទាន់អស់សក្តានុពលនោះទេ ដោយនៅមានបញ្ហាប្រឈមមួយចំនួនដែលក្រសួង និងវិស័យកសិកម្មទាំងមូលកំពុងជួបប្រទះដូចជាបញ្ហាហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ធនធានមនុស្ស នៅមានកម្រិត ដោយមិនទាន់ឆ្លើយតបបានគ្រប់ជ្រុងជ្រោយនៅឡើយ។ បញ្ហាទាំងអស់នេះ ជាកត្តាមួយសំខាន់នាំឲ្យមានការប៉ះពាល់ដល់ការបំពេញខ្សែច្រវាក់តម្លៃបន្ថែមផលិតកម្មកសិកម្ម និងភាពប្រកួតប្រជែង។
ជាការឆ្លើយតប លោកស្រី Aparna Subramani បានថ្លែងអំណរគុណចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងពេញលេញជាមួយធនាគារពិភពលោកដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្ម។
លោកស្រីក៏បានបង្ហាញពីចំណាប់អារម្មណ៍ចំពោះបញ្ហាប្រឈមដែលលោករដ្ឋមន្ត្រីបានលើកឡើងខាងលើ ដោយបញ្ជាក់ថា ក្រុមការងាររបស់ធនាគារពិភពលោកនឹងយកទៅពិនិត្យ និងរកការជួយគាំទ្រផងដែរ។ ហើយលោកស្រីជឿជាក់ថា កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងក្រសួងនិងធនាគារពិភពលោកត្រូវបានពង្រឹង និងពង្រីកថែមមួយកម្រិតទៀតតាមរយៈជំនួបនេះ៕ ST
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។