«​ស្ករត្នោត​កំពង់ស្ពឺ​»​ ​ទទួល​បាន​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ពី​សហគមន៍​អឺរ៉ុប​ជា​ផ្លូវការ​

​បន្ទាប់ពី​បាន​ទទួលការ​ចុះបញ្ជី​ការពារ​ ​នៅ​សហគមន៍​អឺរ៉ុប​ ​កាលពី​ថ្ងៃទី៣​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​នោះ​មក​ ​ ​សហគមន៍​អឺរ៉ុប​ ​កាលពី​ថ្ងៃទី៩​ ​ខែឧសភា​ ​ម្សិលមិញ​នេះ​ ​បាន​ប្រគល់​វិញ្ញាបនបត្រ​ ​នៃ​ការចុះបញ្ជី​ ​«​ស្ករត្នោត​កំពង់ស្ពឺ​»​ ​ជា​ផ្លូវការ​ ​ជូន​លោក​ ​សម​ ​សា​រឿន​ ​ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ​ ​នៅក្នុង​សណ្ឋាគារ​ ​Raffles​ ​Hotel​ ​Le​ ​Royal​។​

​សូម​បញ្ជាក់​ថា​ ​ក្រោយពី​ ​“​ស្ករត្នោត​កំពង់ស្ពឺ​”​ ​និង​ ​“​ម្រេច​កំពត​”​ ​ទទួល​បានការ​ចុះបញ្ជី​ការពារ​ក្នុង​កម្រិត​ជាតិ​ ​កាលពី​ឆ្នាំ២០១០​ ​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ទាំងពីរ​នេះ​ ​ជា​ផលិតផល​ដែល​មាន​ប្រភព​ផ្សារភ្ជាប់​នឹង​ដែនដី​ ​កត្តា​ធម្មជាតិ​ ​និង​វិធីសាស្ត្រ​ផលិត​ ​ជា​ប្រពៃណី​ដែល​បាន​សិក្សា​ ​និង​កំណត់​។​ ​ស្ថិត​ក្រោម​ប្រព័ន្ធ​ត្រួតពិនិត្យ​ច្បាស់លាស់​ ​ទើប​ ​“​ស្ករត្នោត​កំពង់ស្ពឺ​”​ ​និង​ ​“​ម្រេច​កំពត​”​ ​មានគុណ​ភាព​ ​ចរិតលក្ខណៈ​ពិសេស​ ​និង​កេរ្តិ៍ឈ្មោះ​ល្បី​ ​ទាំង​ក្នុង​ទីផ្សារ​ជាតិ​ ​និង​ទីផ្សារ​អន្តរជាតិ​។​ ​“​ស្ករត្នោត​កំពង់ស្ពឺ​”​ ​មិន​ត្រឹមតែ​សម្រាប់​ប្រើប្រាស់​ធ្វើម្ហូប​អាហារ​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​វា​មានកម្រិត​ជាតិ​ផ្អែម​ទាប​ ​ដែល​អាច​ទ្រទ្រង់​សុខភាព​ ​និង​រក្សា​ភាព​ក្មេងខ្ចី​របស់​មនុស្ស​បាន​ល្អ​ប្រសើរ​ឡើង​។​

​ដោយសារតែ​ភាព​ល្បី​ទាំងនេះ​ហើយ​ ​ទើប​ ​“​ស្ករត្នោត​កំពង់ស្ពឺ​”​ ​និង​ ​“​ម្រេច​កំពត​”​ ​ត្រូវ​បាន​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ ​ហើយ​លោក​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​ផ្តួចផ្តើម​ពង្រីក​កិច្ចការពារ​ ​នៅក្នុង​ប្រទេស​វៀតណាម​ ​ថៃ​ ​និង​សហគមន៍​អឺរ៉ុប​ ​ដើម្បី​ទទួល​បាន​នូវ​កិច្ចការពារ​តាមផ្លូវ​ច្បាប់​ឲ្យបាន​រឹងមាំ​ ​ក្នុងករណី​មានការ​ក្លែងបន្លំ​។​ ​រី​ឯ​អាជ្ញាធរ​មានសមត្ថកិច្ច​ ​នៃ​ប្រទេស​នោះ​ ​អាច​ជួយ​ចាត់វិធានការ​ទប់ស្កាត់​បាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close