គយចល័តតំបន់៣ បន្តចាប់រថយន្តចង្កូតឆ្វេងអត់ពន្ធ១គ្រឿងទៀត
កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចគយចល័តស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៣ ផ្លូវជាតិលេខ៤ នៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា សហការជាមួយមន្ត្រីសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុព្រមទាំងកម្លាំងនគរបាលនិងកងរាជអាវុធហត្ថ បានឃាត់ចាប់រថយន្តទំនើបចង្កូតឆ្វេងមួយគ្រឿងទៀតគ្មានពន្ធនាំចូល ក្នុងក្រុងព្រះសីហនុ។
ករណីបង្ក្រាបចាប់ឡានគ្មានពន្ធនេះដឹកនាំដោយលោក កែវ អង្កាម ប្រធានគយចល័តស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៣ ផ្លូវជាតិលេខ៤ នៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា។ នេះបើតាមមន្ត្រីគយដែលចុះចាប់ផ្ទាប់បានបញ្ជាក់អោយដឹង។
មន្ត្រីគយបានបញ្ជាក់បន្តថា រថយន្តទំនើបចង្កូតឆ្វេងមួយគ្រឿងនេះម៉ាកALPHARD ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខបន្លំ(ខេមរភូមិន្ទ02-4866)ដែលគ្មានការទទួលស្គាល់ពីក្រសួងការពារជាតិ ។បច្ចប្បន្នរថយន្តនេះសមត្ថកិច្ចនាំយកមករក្សាទុកនៅសាខាគយនិងរដ្ឋាករខេត្តដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់។ មន្ត្រីគយដដែលថ្លែងបញ្ជាក់ប្រាប់បណ្តាញផ្សព្វផ្សាយ សកម្មភាពឃាត់ចាប់រថយន្តនាំចូលមកប្រើប្រាស់ខុសច្បាប់នេះធ្វើឡើងតាមការណែនាំពីលោកបណ្ឌិតប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកគយនិងរដ្ឋាករកម្ពុជា និងគណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមិនត្រឹមតែជាការប្រមូលប្រាក់ពន្ធទេ ប៉ុន្តែជាយុទ្ធនាការ ឈានទៅរកការជំរុញអោយមានការគោរពច្បាប់ជាធរមានផងដែរ។
គួរម្លឹកថា មួយរយៈកន្លងទៅ នៅក្រុង-ខេត្តព្រះសីហនុ មានករណីប្រើប្រាស់រថយន្តទំនើបៗ បន្លំពាក់ស្លាកលេខ(ខម)ក្លែងក្លាយច្រើន ដូច្នេះការចុះបង្រ្កាបដោយក្រុមគយ មានការគាំទ្រពីមជ្ឈដ្ឋានមហាជនយ៉ាងច្រើនព្រមទាំងសាទរផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។