នាយករដ្ឋមន្រ្តីនេប៉ាល់ មកកម្ពុជាដើមសប្តាហ៍ក្រោយ
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា លោក ខេ ភី សាម៉ា អូលី នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩។
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោកនឹងជួបសម្តែងការគួរសមមុនគេជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
បន្ទាប់មក លោកនឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
បន្ថែមពីនេះ លោក ខេ ភី សាម៉ា អូលី ត្រូវបានរំពឹងថា នឹងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់។
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីនេប៉ាល់នៅកម្ពុជានាដើមសប្តាហ៍ក្រោយនេះ ក្រសួងការបរទេសកម្ពុជាបានចាត់ទុកថា វានឹងពង្រឹងឲ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាព និងលើកតម្កើងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ រវាងប្រទេសទាំងពីរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។