រឿងព្រេងនិទាន កំណើតពិធីបុណ្យសែនព្រះខែ
បុណ្យសែនព្រះខែតែងប្រារព្ធឡើងរាល់ឆ្នាំនៅប្រទេសចិន ក៏ដូចជាប្រទេសមួយចំនួនទៀតនៅអាស៊ី។ បុណ្យនេះក៏អាចហៅម្យ៉ាងទៀតថាបុណ្យពាក់កណ្ដាលរដូវស្លឹកឈើជ្រុះ ហើយគេតែងប្រារព្វឡើងនៅថ្ងៃទី១៥ ខែទី៨ រាប់តាមប្រតិទិនចន្ទគតិ គឺចំពេលដែលព្រះចន្ទពេញបរមី និងស្អាតបំផុត។ ចំពោះឆ្នាំ២០១៦ បើគិតតាមប្រតិទិនសុរិយគតិវិញ បុណ្យសែនព្រះខែត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា។
មានព្រេងនិទានជាច្រើនទាក់ទងនឹងពិធីសែនព្រះខែនេះ តែរឿងមួយដែលពេញនិយមជាងគេគឺដំណើររឿងរបស់ប្តីប្រពន្ធ Hou Yi និង Chang’e។ រឿងនេះដំណាលថា នៅក្នុងប្រទេសចិនកាលពីយូរលង់ណាស់មកហើយ មានព្រះអាទិត្យ១០នៅលើមេឃ។ កម្ដៅពីព្រះអាទិត្យបណ្ដាលឲ្យមានគ្រោះរាំងស្ងួត ធ្វើឲ្យទិន្នផលធ្លាក់ចុះ មនុស្សសត្វស្លាប់ជាច្រើន។
ដោយឃើញទុក្ខលំបាកនេះ Hou Yi ដែលជាអ្នកបាញ់ធ្នូដ៏ពូកែម្នាក់បានឡើងទៅកំពូលភ្នំឃុនលន់ដើម្បីបាញ់ទម្លាក់ព្រះអាទិត្យ៩ចេញ ដោយទុកតែ១ប៉ុណ្ណោះ។ បន្ទាប់ពីធ្វើបានសម្រេចហើយ Hou Yi បានក្លាយជាវីរបុរសនិងមានមនុស្សជាច្រើនមកសុំធ្វើជាគ្រូ។ ក្រោយមក Hou Yi ក៏បានទទួលថ្នាំជីវិតអមតពីទេពធីតាមួយអង្គក្នុងការដែលគាត់បានជួយជីវិតមនុស្សលោកកន្លងមក ថ្នាំនេះប្រើបានតែមនុស្សម្នាក់ប៉ុណ្ណោះ។
ទោះយ៉ាងណាក៏ដោយ Hou Yi មិនចង់បានជីវិតអមតតែម្នាក់ឯងហើយត្រូវបែកពីប្រពន្ធដ៏ស្រស់ស្អាតរបស់គាត់ឈ្មោះ Chang’e នោះទេ។ គាត់ក៏សម្រេចចិត្តលាក់ទុកថ្នាំនោះនៅកន្លែងសម្ងាត់មួយ។ ក្រោយមកសិស្សរបស់គាត់គឺ Feng Meng បានដឹងពីថ្នាំអមតនោះ។ ថ្ងៃមួយពេលគ្រូមិននៅ Feng Meng បានបង្ខំ Chang’e ឲ្យយកថ្នាំនោះមកឲ្យខ្លួន។ Chang’e ដឹងថាខ្លួនមិនអាចរារាំង Feng Meng បាន ក៏លេបថ្នាំនោះខ្លួនឯង ហើយហោះទៅកាន់ព្រះចន្ទ ហើយនាងក៏មានជីវិតអមត ក្លាយជាទេពធីតារក្សាថានព្រះចន្ទ។ បន្ទាប់ពីដឹងរឿងនេះ Hou Yi ខឹង Feng Meng យ៉ាងខ្លាំង ហើយក៏តាមសម្លាប់ Feng Meng តែ Feng Meng បានរត់គេចបាត់ទៅហើយ។
ក្រោយមកដោយនឹករលឹកប្រពន្ធជាទីស្រលាញ់របស់ខ្លួននៅឋានព្រះចន្ទ Hou Yi បានដុតគ្រឿងក្រអូប ថ្វាយដង្វាយ នំ និងអាហារដែល Chang’e ចូលចិត្តដើម្បីឧទ្ទិសដល់នាង។
ចំណេរតមកទំនៀមសែននំព្រះខែនេះបានរីកសាយភាយពេញប្រទេសចិនដោយប្រជាជនមានជំនឿលើទេពធីតា Chang’e នៅឋានព្រះចន្ទ ។ ហេតុដូចនេះហើយបានជាមានប្រពៃណីសមាជិកគ្រួសារមកជួបជុំគ្នាសែននំ អាហារ និងផ្លែឈើ បួងសួងសុំសេចក្តីសុខ ពី Chang’e និងហូបនំព្រះខែនៅថ្ងៃព្រះចន្ទពេញវង់ដ៏ស្រស់ស្អាត អំឡុងពាក់កណ្ដាលរដូវស្លឹកឈើជ្រុះ ឬក៏អាចហៅថាពិធីបុណ្យសែននំព្រះខែនេះឯង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។