ក្រុមហ៊ុនឯកជនបូមខ្សាច់ក្បែរផ្លូវនៅស្រុកកំពង់លែង ធ្វើឲ្យពលរដ្ឋបារម្ភខ្លាចបាក់ដី
កំពង់ឆ្នាំង៖ បងប្អូនប្រជាពលរដ្ឋបានអោយដឹងថា មានករណីបូមខ្សាច់មួយកន្លែងនៅចំណុចអ្នកតាបាត់ដាន ស្ថិតក្នុងភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង ជាង២ឆ្នាំមកហើយគ្មានច្បាប់អនុញ្ញាតឡើយប៉ុន្តែមានការអនុញ្ញាតពីលោកស្រីសមាជិកក្រុមប្រឹក្សាឃុំស្វាយរំពារម្នាក់។
ចំពោះករណីនេះ ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរភូមិមានការព្រួយបារម្មណ៍ណាស់ ចំពោះការបូម យកខ្សាច់នៅចំណុចនេះ ព្រោះជាប់និងផ្លូវលំ ដែលវាអាចនឹងបាក់ស្រុតផ្លូវនៅខែភ្លៀង ដូច្នេះប្រជាពលរដ្ឋស្នើសុំអាជ្ញាធរឃុំ និងស្រុក មេត្តា ជួយទប់ស្កាត់ជាបន្ទាន់ផង។
ពាក់ព័ន្ធនឹងរឿងនេះ លោក ហួត ផាត អនុប្រធានភូមិល្វា ឃុំស្វាយរំពារ បាននិយាយអោយដឹងថា ៖ ការបូមខ្សាច់នៅចំណុចអ្នកតាបាត់ដាន នេះកើតមានជាង២ឆ្នាំមកហើយ ដោយគ្មានការអនុញ្ញាតពីមេភូមិឡើយ ហើយអាជ្ញាធរឃុំ ក៏មិនបានប្រាប់ពីករណីបូមខ្សាច់នេះមកលោកមេភូមិដែរ ប៉ុន្តែអ្នកបូមខ្សាច់ប្រាប់ថា លោកស្រី ណាំង យ៉ែម សមាជិកក្រុមប្រឹក្សាឃុំស្វារំពារ ជាអ្នកអនុញ្ញាត។
លោកអនុប្រធានភូមិបានបញ្ជាក់អោយដឹងទៀតថា ដីដែលគេកំពុងបូមខ្សាច់នេះ ជាដីឯកជនបានលក់ទៅអោយអ្នកបូមខ្សាច់ ទើបគេធ្វើអាជីវកម្មបូមខ្សាច់លក់អោយគេ។
ប៉ុន្តែទោះអ្នកលក់ និងអ្នកទិញដីបូមខ្សាច់ ជាឯកជនមិនប៉ះពាល់ដីរដ្ឋក៏ពិតមែន តែការបូមខ្សាច់នេះ វាធ្វើឲ្យបាក់រលុះដីអន្លុងខ្សាច់មួយកន្លែងដល់ជើងផ្លូវលំទៅហើយ បើសិនបាក់ផ្លូវលំនោះ តើនរណាជាអ្នកទទួលខុសត្រូវ។
នៅក្នុងរឿងខាងលើនេះលោកស្រី ណាំង យ៉ែម សមាជិកក្រុមប្រឹក្សាឃុំស្វាយរំពារជាអ្នកអនុញ្ញាតអោយគេបូមខ្សាច់ និងលោកស្រី ឌី ឌឿន មេឃុំស្វាយរំពារ យើងមិនអាចសុំការបំភ្លឺបានទេ ដោយទូរសព្ទ័ ចូលហើយតែគ្មានអ្នកលើកទទួល។
ចំណែក លោក សំ ចាន់ថន អភិបាលស្រុកកំពង់លែង វិញបានឆ្លើយថា៖ លោកមិនបានដឹងរឿងនេះទេ តែលោកនឹងអោយមន្ត្រីនគរបាលប៉ុស្តិរដ្ឋបាលទៅពិនិត្យមើល។ លោកបានបញ្ជាក់ថា៖ ទោះបីជាដីឯកជនពិតមែន តែបើបូមខ្សាច់ជាប់ផ្លូវបែបនេះក៍មិនត្រូវដែរ ព្រោះដីចំណីផ្លូវវាមានច្បាប់របស់វា គឺមិនអាចអ្នកណាមួយរំលោភបំពានបានឡេីយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។