ប្រជាពលរដ្ឋអស់ជំនឿទៅលើចៅអធិការស្តីទី ដែលមិនគោរពទៅតាមព្រះវិន័យធម៌ លួចឆាន់ស្រា
ប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្ត និងគណៈកម្មការ តាអាចារ្យវត្តប្រាសាទជាងទង ហៅវត្តក្នុង ស្ថិតក្នុងភូមិក្នុង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ពួកគាត់បានអស់ជំនឿទៅលើចៅអធិការស្តីទី ដែលមិនគោរពទៅតាមព្រះវិន័យធម៌ លួចឆាន់ស្រា និងឡូឡាក្នុងវត្ត ទោះបីកន្លងមកចៅអធិការស្តីទីអង្គនោះធ្លាប់បានធ្វើកិច្ចសន្យា១លើកជា២លើកក្តីនៅតែមិនគោរពទៅតាមកិច្ចសន្យាឡើយ ។
ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីចុងសប្តាហ៍កន្លងទៅនេះ ពុទ្ធបរិស័ទចំណុះជើងវត្ត រួមនិងគណៈកម្មការ តាអាចារ្យវត្ត សម្រេចស្នើសុំឲ្យមន្ត្រីសង្ឃស្រុក ខេត្ត និងលោកអភិបាលខេត្ត ជួយធ្វើយ៉ាងណា ឲ្យចៅអធិការវត្តស្តីទីអង្គនោះគោរពទៅតាមកិច្ចសន្យា ដែលបានសន្យាថា នឹងនិមន្តចេញពីវត្តនៅថ្ងៃផុតចេញវស្សាកន្លងទៅនេះ ។
ប្រជាពលរដ្ឋ និងគណៈកម្មការវត្តប្រាសាទជាងទង ហៅវត្តក្នុង បានលើកឡើងថា ក្រោយពីព្រះគ្រូចៅអធិការវត្តចាស់សុគតទៅ វត្តគ្មានចៅអធិការឡើយ មានតែព្រះសង្ឃព្រះនាម កង ចិន្តា ដែលបួសចាស់វស្សាច្រើនជាងគេ ក្រោយមកគណៈកម្មាវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តចេះតែនាំគ្នាហៅព្រះអង្គជាចៅអធិការស្តីទីរហូតមក តែគ្មានការតែងតាំង ឬប្រកាសអ្វីពីមន្ត្រីសង្ឃឡើយ ។ ក្រោយមកចៅអធិការវត្តស្តីទីរូបនោះចេះតែលួចឆាន់ស្រាជាញឹកញាប់ ។
ក្នុងកំណត់ហេតុរបស់គណៈកម្មការវត្តបានបញ្ជាក់ថា កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ព្រះសង្ឃ កង ចិន្តា បានស្រែកឡូឡាផ្អើលអស់ព្រះសង្ឃគង់ក្នុងវត្ត និងដូនជី ហើយក៏បាននាំគ្នាទៅមើលក្នុងកុដិចៅអធិការវត្តស្តីទីក៏បានឃើញមានកំប៉ុងស្រាបៀរអាំងឆឺ (Anchor) កន្លះកេស ។ លុះស្អែកឡើងមានការប្រជុំជាមួយគណៈកម្មការនិងចៅអធិការវត្តស្តីទីដើម្បីសួរនាំ ចៅអធិការវត្តស្តីទីបានភាពថា ពិតជាបានឆាន់ស្រាពិតមែន ។ កាលណោះព្រះអង្គ កង ចិន្តា បានព្រមធ្វើកិច្ចសន្យា ដោយថា បើថ្ងៃក្រោយអាត្មាឆាន់ស្រាទៀតសុខចិត្តនិមន្តចេញពីវត្តដោយខ្លួនឯង ។ ពេលនោះគឺក្រោយថ្ងៃបញ្ចប់នៃពិធីបុណ្យកឋិនទាន និងមិនចង់ឲ្យវត្តមានឈ្មោះអាក្រក់ គណៈកម្មការវត្តក៏យល់ព្រម និងលាក់ការណ៍រឿងនោះរហូតមក ។ ប៉ុន្តែក្រោយមកទៀតគឺនៅវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ គឺក្រោយបញ្ចប់បុណ្យភ្ជុំបិណ្យ ស្រាប់តែចៅអធិការវត្តស្តីទី កង ចិន្តា បានស្រែកឡូឡាជេរនេនៗ និងគណៈកម្មការវត្ត (មានក្នុងកំណត់ហេតុ)នៅនឹងកុដិរហូតម៉ោង៤ភ្លឺទើបស្ងប់ ។ ក្រោយមក ពេលសាកសួរ ចៅអធិការវត្តស្តីទីអង្គនោះបានសារភាពពិតជាបានឆាន់ ABC អស់២-៣កំប៉ុងពិតមែន ហើយបានធ្វើកិច្ចសន្យាទៀតថា នឹងចាកចេញពីវត្តនៅពេលចប់បុណ្យចេញវស្សានេះ ។ តែផុតថ្ងៃចេញវស្សាទៅហើយ ព្រះសង្ឃអង្គនេះមិនព្រមចាកចេញពីវត្តឡើយ ហើយបានទម្លាក់កំហុសទៅលោកមេឃុំស្វាយជ្រុំថា មិនឲ្យនិមន្តចេញពីវត្ត ។
ពាក់ព័ន្ធបញ្ហានេះ លោក យី ភួន មេឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បានបញ្ជាក់ប្រាប់ពុទ្ធបរិស័ទ និងគណៈកម្មការវត្តថា លោកមិនបានឃាត់មិនឲ្យព្រះអង្គចេញពីវត្តនោះទេ គឺគ្រាន់តែប្រាប់ថា ឲ្យចៅអធិការវត្តស្តីទីអង្គនោះនៅឲ្យស្ងៀមសិន ព្រោះនៅក្នុងខែចូលវស្សា ពេលចេញវស្សាហើយព្រះអង្គចង់និមន្តចេញពីវត្តក៏ចេញចុះ លោកអត់ហាមឃាត់ទេ ។ ចំណែករឿងពុទ្ធបរិស័ទចំណុះជើងវត្តមិនពេញចិត្ត ព្រះអង្គក៏មិនដឹងគង់នៅធ្វើអីទៀតដែរ វីវរខូចឈ្មោះវត្តទៀត ។ ចំពោះរឿងនេះលោកបានជម្រាប និងរាយការណ៍ទៅថ្នាក់លើហើយ ប៉ុន្តែលោកបញ្ជាក់ថា រឿងដាច់អាបត្តិ ខុសវិន័យធម៌ត្រឹមក្រេបនូវគ្រឿងស្រវឹង វិន័យសង្ឃ ត្រឹមតែសំដែងអាបត្តិប៉ុណ្ណោះ មិនដល់ថ្នាក់ផ្សិកបណ្តេញចេញពីវត្តនោះទេ អាចថា ប្រជាពលរដ្ឋមិនពេញចិត្តនិមន្តចេញពីវត្តទៅគង់នៅវត្តផ្សេងទៅចប់រឿងហើយ ។
ជួបជាមួយអ្នកយកព័ត៌មាន ចៅអធិការវត្តស្តីទី កង ចិន្តា បានសារភាពថា ព្រះអង្គពិតជាឆាន់ស្រាពិតមែន និងពិតជាបានធ្វើកិច្ចសន្យា២ដងថា នឹងនិមន្តចេញពីវត្តពិតមែន ប៉ុន្តែមិនទាន់បានចេញ ។ ហើយរឿងចោទថា លោកមេឃុំមិនឲ្យចេញពីវត្ត ព្រះអង្គមិនបានថាទេ ។
ទោះបីជាបែបនេះក្តី ពុទ្ធបរិស័ទចំណុះជើងវត្ត រួមនិងគណៈកម្មការ តាអាចារ្យវត្តប្រាសាទជាងទង ហៅវត្តក្នុង បានសំដែងនូវក្តីព្រួយបារម្ភថា នឹងគ្មានអង្គកឋិនទានដង្ហែចូលវត្ត ព្រោះតែចៅអធិការស្តីទីអង្គនេះមិននិមន្តចេញពីវត្ត ចំណែកអង្គកឋិនទានសល់តែប៉ុន្មានថ្ងៃទៀតនឹងចប់ហើយ ហេតុនេះពួកគាត់សំណូមពរដល់មន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ សូមប្រញាប់ចុះទៅដោះស្រាយបញ្ហានេះឲ្យបានឆាប់ផង ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។