សម្ដេចប៉ាប៖ បុណ្យ Christmas ក្លាយជាបុណ្យសំញ៉ែញអ្នកជូនកាដូរ និងសម្ភារនិយម
នៅក្នុងឱកាសពិធីបុណ្យ Christmas ប្រមុខសាសនាគ្រិស្តកាតូលិក សម្ដេចប៉ាប ហ្វ្រង់ស៊ីស (Francis) បានរិះគន់របៀបដែលបុណ្យ Christmas ត្រូវបានរៀបចំផ្ទុយពីគោលគំនិតដើមនៃពិធីបុណ្យនេះ។ សម្ដេចប៉ាបអង្គនេះ មានបន្ទូលថា ព្រះជាម្ចាស់ត្រូវបានគេបំភេ្លច ហើយមនុស្សម្នាទាំងឡាយបែរជាយកចិត្តទុកខ្លាំងលើសម្ភារទៅវិញ។ ពួកគេក៏មិនបានខ្វល់ខ្វាយពីអ្នកក្រីក្រអត់ឃ្លាន ដែលត្រូវការជំនួយអ្វីដែរ។
ការឲ្យកាដូអនុស្សាវរីយ៍គ្នាទៅវិញទៅមក បានក្លាយជាទម្លាប់នៃការអបអរពិធីបុណ្យ Christmas ដែលរម្លឹកពីថ្ងៃកំណើតនៃព្រះយេស៊ូ ថ្ងៃទី២៥ ខែធ្នូ។ ប៉ុន្តែការផ្ដោតខ្លាំងលើសម្ភារនិយមបែបនេះ ហាក់ធ្វើពិធីបុណ្យនេះមិនសូវមានអត្ថន័យ និងខុសពីគោលការណ៍ដើម។ សម្ដេចប៉ាប ហ្វ្រង់ស៊ីស នៃសាសនាគ្រិស្តកាតូលិក មានបន្ទូលថា ពិភពលោកសព្វថ្ងៃ គិតតែពីកាដូសម្ភារ និងការជប់លៀងប៉ុណ្ណោះ។
ថ្លែងទៅកាន់អ្នកចូលរួមជាង១ម៉ឺននាក់នៅល្ងាចថ្ងៃទី២៤ ខែធ្នូ ប្រមុខសាសនាគ្រិស្តកាតូលិកអង្គនេះមានបន្ទូលថា អ្នកមានទ្រព្យសម្បត្តិលើលោក គួរត្រូវបានរម្លឹកពីគោលការណ៍នៃបុណ្យ Christmas គឺភាពឱនលំទោន, ភាពងាយស្រួល និងអាថ៌កំបាំង។ ព្រះអង្គរម្លឹកដែរថា ពេលព្រះយេស៊ូប្រសូត ព្រះអង្គបានគោរពដោយមនុស្សជាច្រើន ហើយក៏ត្រូវបានបដិសេធដោយមនុស្សខ្លះដែលព្រងើយកន្តើយដាក់ព្រះអង្គ។
«សព្វថ្ងៃនេះ ភាពព្រងើយកន្តើយដូចគ្នានេះនៅតែកើតមាន ជាពិសេសពេលដែលបុណ្យ Christmas ក្លាយជាពិធីជប់លៀង, ពន្លឺភ្លើងនៃការធ្វើពាណិជ្ជកម្មបានរុញពន្លឺព្រះជាម្ចាស់ឲ្យក្លាយជាស្រមោល និងពេលដែលមនុស្សម្នាខ្វល់ខ្វាយពីកាដូ ខណៈដែលអាកាសធាតុត្រជាក់រុំព័ទ្ធប្រជាជក្រីក្រ»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចប៉ាប ហ្វ្រង់ស៊ីស ទៅកាន់អ្នកចូលរួមនៅទីលានខាងមុខនៃ St Peter របស់បុរីវ៉ាទីកង់។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters សម្ដេចប៉ាប ដែលក្លាយជាប្រមុខសាសនាគ្រិស្តកាតូលិកក្នុងឆ្នាំ២០១៣ មានបន្ទូលសង្កត់ធ្ងន់ថា រឿងរ៉ាវបែបនេះ បានចាប់បុណ្យ Christmas ជាចំណាប់ខ្មាំង។ ដូច្នេះយើងត្រូវតែដោះលែងបុណ្យនេះ ឲ្យមានសេរីភាពឡើងវិញ។
ជារៀងរាល់បុណ្យ Christmas លំហូរពាណិជ្ជកម្មបានកើនឡើងយ៉ាងខ្លាំង ស្របពេលដែលប្រជាជនស្ទើរមួយពិភពលោក នាំគ្នាចំណាយប្រាក់ដើម្បីទិញសម្ភារឲ្យគ្នាទៅវិញទៅមក ជួបជុំគ្រួសារនារដូវការធ្លាក់ព្រិលដ៏ត្រជាក់នេះ។ ដោយសាររឿងនេះ ទើបសម្ដេចប៉ាប ហ្វ្រង់ស៊ីស បង្ហាញការព្រួយបារម្ភ ដ្បិតបុព្វហេតុដើមនៃពិធីបុណ្យ Christmas ហាក់់ត្រូវបានបំភ្លេច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។