លោក ងួន កុសល ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែត កំពុងល្បីល្បាញខាងអំពើពុករលួយ ?
បន្ទាយមានជ័យ៖ ប្រភពដែលស្និទ្ធនឹងលោកងួន កុសលប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតបានខ្សឹបថា លោក ងួន កុសល ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាមេគយច្រកប៉ោយប៉ែត ទើបខំប្រឹងស្រង់ដើមតាមរបៀបពុករលួយ។
ប្រភពបានខ្សឹបទៀតថា ប្រសិនបើមិនចំណាយដើមទុនច្រើនទេនោះ គឺលោក ងួន កុសល មិនអាចទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានស្រួលៗបែបនេះទេ។ ដូច្នេះហើយទើបត្រឹមមួយរយៈពេលខ្លីសោះលោក ងួន កុសល សាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយខ្លាំងជាងលោក ហ៊ុយ សុជាតិ អតីតប្រធានការិយាល័យគយច្រកប៉ោយប៉ែត ទៅទៀត។
ប្រភពពីមន្ត្រីគយក្នុងខេត្តបន្ទាយមានជ័យមួយចំនួនបានខ្សឹបឲ្យដឹងថា គ្រាន់តែទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតភ្លាមគឺលោក ងួន កុសលប្រើតួនាទីនិងអំណាចរបស់ខ្លួនដោយគ្មានញញើតអ្វីទាំងអស់។ ការដែលលោក ងួន កុសល ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ហើយក៏មានការឃុបឃិតបើកដៃពីសំណាក់មេគយមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យផងដែរ។
ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានខ្សឹបឲ្យដឹងថា បច្ចុប្បន្នទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកនេះបង់ពន្ធត្រឹម៣៥ទៅ៤០ភាគរយប៉ុណ្ណោះក្រៅពីនេះឈ្មួញឃុបឃិតបែងចែកផលប្រយោជន៍ជាមួយលោកងួន កុសលប្រធានការិយាល័យគយច្រកប៉ោយប៉ែតដែលកំពុងល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយ។
ប្រភពខ្លះបានខ្សឹបឲ្យដឹងថា ឈ្មួញធំៗកំពុងស្វែងរកទំនាក់ទំនងជិតស្និទ្ធជាមួយលោក ងួន កុសល ដើម្បីពួកគេអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងរលូន។ ជាពិសេសករណីមន្ត្រីគយនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឃុបឃិតគ្នាជាមួយឈ្មួញកែឯកសារបន្លំប្រភេទទំនិញបំបាត់ចំណូលពន្ធរដ្ឋគឺជារឿងដែលលោក គុណ ញឹម អគ្គនាយកគយ មិនគួរមើលរំលងតទៅទៀតនោះទេ។ជុំវិញបញ្ហាខាងលើនេះប្រភពពីមន្ត្រីគយខេត្តបន្ទាយមានជ័យបានខ្សឹបឲ្យដឹងថា បច្ចុប្បន្នលោក ងួន កុសល កំពុងធ្វើអ្វីៗស្រេចតែអំពើចិត្ត ហើយប្រើប្រាស់ឈ្មោះមន្ត្រីគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្វើជាបង្អែកទៀតផង។
ដោយសារអាងមានខ្នងបង្អែករឹងមាំទើបលោក ងួន កុសល ហ៊ានឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក ហើយបែរជាគាបសង្កត់ឈ្មួញនិងអាជីវករតូចតាចក៏ដូចជាប្រជាពលរដ្ឋដែលនាំចូលទំនិញតាមច្រកប៉ោយប៉ែត និងតាមច្រករបៀងតូចៗដោយគ្មានយោគយល់ឡើយ។ពាក់ព័ន្ធពត៌មានពុករលួយលោកងួនកុសលប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះខ្មែរ៧មករាមិនអាចសុំការបំភ្លឺការចោទប្រកាន់បានឡើយដោយគ្មានអ្នកទទួលទូរសព្ឌ័កាលពីព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៩៕ ដោយ ខ្មែរ៧មករា
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។