លោកសង្ឃ៨អង្គ កំពុងលេងល្បែងស៊ីសង
យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា សមត្ថកិច្ចនៃប្រទេសថៃ បានឃាត់ខ្លួនសង្ឃខ្មែរចំនួន៨អង្គ ដែលទំនងជាជនក្លែងបន្លំជាសង្ឃ កាលពីល្ងាចថ្ងៃទី១៦ មករា បញ្ជូនទៅឲ្យស្ថាប័នធម្មការផ្សឹក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលា ការ ក្រោមបទចោទឆ្លងដែនដោយខុសច្បាប់ និងប្រព្រឹត្តល្បែងស៊ីសង ។
បើតាមប្រភពពីមន្ត្រីព្រំដែនខ្មែរបានឲ្យដឹងថា ព្រះសង្ឃខ្មែរទាំង៨អង្គនោះ ត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួននៅក្បែផ្លូវមួយកន្លែង ក្នុងសង្កាត់ឡតក្រាក់បាំង ខេត្តសមុទ្រប្រាកាន ប្រទេសថៃ ខណ:ក្រុមព្រះសង្ឃទាំងនេះ កំពុងអង្គុយជុំគ្នាលែងល្បែងស៊ីសង (លេង បៀ) ។ ប្រភពដដែលបានបញ្ជាក់ថា ជាមួយនឹងការឃាត់ខ្លួនសមត្ថកិច្ចថៃ ដកហូតបៀបានមួយហ៊ួ ដែលកំពុងនាំគ្នាលេងដាក់លុយ ។
ដោយឡែក បើតាមរបាយការណ៍ពីភាគីថៃបានឲ្យដឹងថា ប្រជាពលរដ្ឋថៃ បានប្រទះឃើញសកម្មភាពក្រុមព្រះសង្ឃខ្មែរទាំងនេះ និមន្តបិណ្ឌបាតតាមដងផ្លូវនានា ដែលមើលទៅគួរឲ្យសង្ស័យ ទើបពួកគេរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយតាមឃ្លាំមើលរហូតឈានដល់ការឃាត់ខ្លួនតែម្ដង ។
សេចក្ដីរាយការណ៍បានបញ្ជាក់ថា ក្រោយពីទទូលបានព័ត៌មាននេះ សមត្ថកិច្ចថៃ ក៏បានចេញអន្តរាគមន៍តាមដានសកម្មភាពព្រះ សង្ឃខ្មែរទាំងនេះភ្លាមៗដែរ ហើយពេលតាមទាន់ស្របពេលក្រុមព្រះសង្ឃទាំង៨អង្គនេះ កំពុងលេងល្បែងនៅកន្លែងស្ងាត់ក្បែរដងផ្លូវ ។ ព្រះសង្ឃទាំងនោះបានព្យាយាមងើបរត់ តែត្រូវសមត្ថកិច្ចថៃ ព័ទ្ធចាប់បានទាំងអស់ ។ បើតាមការសួរនាំគឺក្រុមព្រះសង្ឃខ្មែរទាំង៨អង្គនេះ មិនមានកាន់លិខិតឆ្លងដែនស្របច្បាប់ទេ និងបានលួចឆ្លងដែនទៅប្រទសថៃ ដោយខុសច្បាប់ ។
បើតាមប្រភពពីមន្ត្រីព្រំដែនខ្មែរបានបញ្ជាក់ថា សមត្ថកិច្ចថៃ បានឃាត់ខ្លួនព្រះសង្ឃខ្មែរទាំង៨អង្គនេះ ប្រគល់ឲ្យស្ថាប័នធម្មការរបស់គេផ្សឹក ។ ប៉ុន្តែទំនងមិនត្រូវបានដោះលែងឲ្យត្រឡប់មកប្រទេសកំណើតវិញទេ ។ សមត្ថកិច្ចថៃ អាចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដោយចោទប្រកាន់២ករណី គឺពីបទឆ្លងដែនខុសច្បាប់ និងប្រព្រឹត្តល្បែងស៊ីសង ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។