អ្នកបើកបរ​ម៉ូតូ​កង់​បី​ ​និង​ម៉ូតូ​ធំ​ទាំងឡាយ​ ​សូម​ទៅរៀន​ច្បាប់​បើកបរ​ ​៣ខែ​ទៀត​ ​សាលាក្រុង​នឹង​ចាត់វិធានការ​ច្បាប់​

​ក្នុង​សេចក្តី​ជូនដំណឹង​ចុះ​ថ្ងៃទី១៦​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​កន្លងទៅ​នេះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ឲ្យ​បងប្អូន​អ្នកបើកបរ​ម៉ូតូ​កង់​បី​ ​រ៉ឺម៉កម៉ូតូ​ ​និង​ទោចក្រយាន​យន្ត​មាន​ទំហំ​ស៊ីឡាំង​លើស​ពី​ ​១២៥CC​ ​ឡើង​ទៅ​ ​ឬ​ម៉ូតូ​ដែល​ប្រើ​ថាមពល​អគ្គិសនី​លើស​ពី​ ​11KW​ ​សូម​ទៅរៀន​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ ​ហើយ​ថា​ ​ផុត​រយៈពេល៣ខែ​ ​បន្ទាប់ពី​ការ​ជូនដំណឹង​នេះ​ ​អាជ្ញាធរ​មានសមត្ថកិច្ច​នឹង​រឹត​បន្តឹង​អនុវត្ត​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក​ជាធរមាន​ ​ដោយ​មិន​មានការ​លើកលែង​អធ្យាស្រ័យ​ទៀត​ឡើយ​។​

​យ៉ាងណា​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​ ​ខ្លួន​បាន​ចាត់​ឲ្យ​មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បើក​វគ្គ​បណ្តុះបណ្តាល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​ឥតគិតថ្លៃ​ ​ជូន​ដល់​បងប្អូន​អ្នកបើកបរ​យានយន្ត​ខាងលើ​ ​ជា​រៀងរាល់ថ្ងៃ​សៅរ៍​ ​ចាប់ពី​ម៉ោង៨ព្រឹក​ ​ដល់ម៉ោង៤ល្ងាច​ ​គិត​ចាប់ពី​ថ្ងៃទី១៨​ ​ឧសភា​ ​រហូតដល់​ ​ថ្ងៃទី១៧ខែសីហា​ ​ឆ្នាំ២០១៩​ ​នៅ​ទីតាំង​ចំនួន២​ ​គឺ​ ​នៅ​អង្គភាព​ផ្តល់​បណ្ណ​បើកបរ​យានយន្ត​ ​ក្នុង​សង្កាត់​ច្រាំងចំរេះ២​ ​ខណ្ឌ​ឬស្សី​កែវ​ ​និង​ ​នៅ​មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៦​ ​សង្កាត់​ព្រែកលៀប​ ​ខណ្ឌ​ជ្រោយ​ចង្វា​រ​ ​រាជធានី​ភ្នំពេញ​។​

​គួរ​បញ្ជាក់​ដែរ​ថា​ ​កន្លងទៅ​នេះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ក៏​ធ្លាប់​បាន​ចាត់​ឲ្យ​មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ ​បើក​វគ្គ​បណ្តុះបណ្តាល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចំនួន៩វគ្គ​ ​ជូន​ដល់​បងប្អូន​អ្នកបើកបរ​ម៉ូតូ​កង់​បី​ ​និង​រឺ​ម៉ក​ម៉ូតូ​ដោយ​ឥតគិតថ្លៃ​រយៈពេល២ខែ​រួចមក​ហើយ​ ​ដោយមាន​សិក្ខាកាម​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជាង៦ពាន់​នាក់​។​ ​ប៉ុន្តែ​ដោយមាន​សំណូមពរ​ ​និង​តាម​ការពិនិត្យ​សង្កេតឃើញ​ថា​ ​ចំនួន​អ្នកប្រើ​ប្រាស់​យានយន្ត​នៅ​មាន​ចំនួន​ច្រើន​ ​ពុំ​ទាន់បាន​មក​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ​និង​ប្រឡង​យក​បណ្ណ​បើកបរ​យានយន្ត​ប្រភេទ​ ​(​ក​)​ ​នៅឡើយ​ ​ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បន្ត​បើក​វគ្គ​បណ្តុះបណ្តាល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​បន្ថែមចំនួន៣ខែ​ទៀត​ ​ជូន​ដល់​បងប្អូន​អ្នកបើកបរ​ម៉ូតូ​កង់​បី​ ​និង​រ៉ឺម៉កម៉ូតូ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close