អ្នករៀបចំថា Khmer Rally Raid 2019 បានបញ្ចប់ដោយជោគជ័យ
ព្រឹត្តិការណ៍កីឡាប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Khmer Rally Raid ២០១៩ ដែលរៀបចំ ដោយក្លិប KARA សហការជាមួយនឹងក្រសួងបរិស្ថាន និងសហព័ន្ធកីឡាយានយន្តកម្ពុជា បានបញ្ចប់ដោយជោគជ័យ កាលពីល្ងាចទី២០ ខែឧសភា ដើមសប្តាហ៍នេះ នៅខេត្តសៀមរាប បន្ទាប់ពីធ្វើការប្រណាំងរយៈពេល៣ថ្ងៃឆ្លងកាត់ខេត្ត ចំនួន៣ គឺខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តសៀមរាប លើចម្ងាយផ្លូវ ៦២៤គីឡូម៉ែត្រ។
លោក ហូ សិទ្ធគុណ អ្នករៀបចំព្រឹត្តិការណ៍ Khmer Rally Raid បានវាយតម្លៃថា កម្មវិធីនេះទទួលបានជោគជ័យដោយមានការគាំទ្រពីបណ្តាខេត្តទាំង៣ ជាពិសេសការចូលរួម យ៉ាងច្រើនពីកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិមកពីជាង១០ប្រទេស។
លោកបញ្ជាក់ថា ចំពោះស្ថានភាពផ្លូវប្រណាំងរយៈ៣ថ្ងៃនេះ គឺពិបាក ដោយឆ្លងកាត់ទឹក ភក់ គ្រលុកធំៗ ចំការ និងព្រៃក្រាស់ៗ ប៉ុន្តែពួកគាត់បានប្រើកម្លាំងអត់ធន់បច្ចេកទេស ប្រណាំង និងការមើលសៀវភៅផែនទីរហូតដល់ទីព្រ័ត្រ។
លោកបានបន្ថែមថា កីឡាយានយន្ត គឺជាកីឡា មួយដែលកំពុងមានការផុសផុល និងគាំទ្រខ្លាំង ដូច្នេះហើយការបង្កើតព្រឹត្តិការណ៍ប្រណាំងឆ្លងកាត់ឧបសគ្គ ទៅតាមទីដាច់ស្រយាល ជាពិសេសតាមតំបន់អភិរក្សធនធានធម្មជាតិ វាជាចំណែកមួយជួយដាស់តឿនសាធារណជនចូលរួមការពារ ស្រឡាញ់ និងថែរក្សាបរិស្ថាន ធនធានធម្មជាតិ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ Khmer Rally Raid 2019 មានក្រុមម៉ូតូប្រណាំងចំនួន២០គ្រឿង ក្រុមរថយន្តចំនួន២៨គ្រឿង និងក្រុមរថយន្តជួសជុល១៥គ្រឿង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។