ឥណ្ឌូនេស៊ីបាតុកម្ម ក្លាយជាហឹង្សា មនុស្ស២៥០នាក់ត្រូវបានចាប់ខ្លួន
បាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតនៅឥណ្ឌូនេស៊ីបានក្លាយទៅជាអំពើហឹង្សា នៅទីក្រុង ចាការតា ។ កម្លាំងសន្តិសុខបានចាប់ខ្លួនមនុស្ស២៥០នាក់ដែលបង្កហឹង្សា។ នៅពេលនេះបាតុកម្មនៅមិនទាន់មានសញ្ញាថយចុះនៅឡើយទេ។
អ្នកសារព័ត៌មាន TTXVN នៅទីក្រុងចាការតា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៣ខេឧសភា ទីស្នាក់ការប៉ូលិស និង ហាងលក់ទំនិញ នៅតំបន់ Sabang កណ្តាលទីក្រុងចាការតា ត្រូវក្រុមបាតុករជ្រុលនិយមដុតបំផ្លាញ។
លោក Argo Yuwono អ្នកនាំពាក្យប៉ូលិសទីក្រុង ហ្សាការតា បានថ្លែងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ថា ប៉ូលិសបានចាប់ខ្លួនក្រុមបាតុករហិង្សា២៥៧នាក់ និងច្រើននាក់ផ្សេងទៀតកំពុងស្វែងរកចាប់ខ្លួន ក្រោយពីពួកគេបង្កអំពើហិង្សាអំឡុងពេលធ្វើបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត ដែលប្រកាសដោយគណៈកម្មការបោះឆ្នោត។
កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ឥណ្ឌូនេស៊ីបានរៀបចំបោះឆ្នោតសកលជ្រើសរើសមេដឹកនាំថ្មី ហើយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ គណៈកម្មការបោះឆ្នោតឥណ្ឌូនេស៊ី បានប្រកាសលទ្ធផលផ្លូវការគណបក្សកាន់អំណាចរបស់លោក ចូកូ វីដូដូ (Joko Widodo) បានទទួលជ័យជំនះការបោះឆ្នោតនេះ ។ ដោយឡែក ចំណែកគណបក្សប្រឆាំង ដឹកនាំដោយលោក Prabowo Subianto បានសំឡេងគាំទ្រសរុប តែ៤៤.៥ភាគរយប៉ុណ្ណោះ។
ក្រោយការប្រកាសលទ្ធផលនេះ បាតុករប្រហែល១ពាន់នាក់ បាននាំគ្នាប្រឆាំងតវ៉ាទាំងយប់ ហើយអូសបន្លាយពេលរហូតដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ។ មេដឹកនាំប្រឆាំង Prabowo Subianto មិនទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយអំពាវនាវអ្នកគាំទ្ររបស់ខ្លួន ចេញធ្វើបាតុកម្ម។
ក្រុមបាតុករបានធ្វើសកម្មភាពញុះញង់ និងបង្កចលាចល ប្រឆាំងមកលើកងកម្លាំងសន្តិសុខ ។ លោក Anies Baswedan អភិបាលក្រុង ហ្សាការតា បានថ្លែងកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ការប៉ះទង្គិចបានកើតឡើងរវាងកងកម្លាំងសន្តិសុខ និងក្រុមបាតុករ បណ្តាលឲ្យស្លាប់មនុស្ស៦នាក់ និងជាង២០០នាក់រងរបួស ។
អ្នកនាំពាក្យប៉ូលិសបានអះអាងថា បាតុកម្មហិង្សានេះ ហាក់ដូចជាមានការរៀបចំឡើងដោយម៉ត់ចត់ ។ កម្លាំងសន្តិសុខបានចាប់ខ្លួនបាតុករសរុប២៥៧នាក់ និងបានរិបអូសលុយ ដុំថ្ម ឧបករណ៍ឆក់ កាំបិត និងទូរស័ព្ទដៃផងដែរពីពួកបាតុករបង្កហិង្សាទាំងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។