សង្វៀនជល់មាន់ដុះស្លែនៅចំណុចបឹងឈូក ជិតវត្តអង្គតាមិញ ក្នុងសង្កាត់ស្ទឹងមានជ័យ ជាឆ្នាំងបាយរបស់អាជ្ញាធរ ?
ប្រជាពលរដ្ឋនៅទីនោះ បានប្រាប់ថា សង្វៀនជល់មាន់នេះ បានសង់រោង ប្រក់តង់កៅស៊ូ នៅក្រោមដើមអាកាស្យា ក្បែរមាត់ប្រឡាយទឹក ដោយមានអ្នកជល់មាន់មិនតិចនាក់ទេ កំពុងតែប្រមូលផ្តុំគ្នានៅទីនោះ។ ជាពិសេស អ្វីដែលជាការកត់សម្កាល់ អ្នកជល់មាន់ទាំងនោះ ហាក់បីដូចជាសប្បាយចិត្តរីករាយណាស់ ដោយបានស្រែកហ៊ោកញ្ជ្រៀវយ៉ាងទ្រហឹងអឺងកង ទោះជាមានភ្លៀងធ្លាក់ត្រជាក់សើមសម្លៀកបំពាក់ក្តី។
ពលរដ្ឋរស់នៅទីនោះ បានបញ្ជាក់ទៀតថា សង្វៀនជល់មាន់នេះ បានបើកលេងជាចំហជាយូរណាស់មកហើយ មិនដឹងជាម្ចាស់សង្វៀនជល់មាន់មានខ្នងបង្អែកធំប៉ុណ្ណាទេ ទើបមានលទ្ធភាពបើកសង្វៀនជល់មាន់នៅកណ្តាលរាជធានីភ្នំពេញ បានយ៉ាងរំភើយបែបនេះ មិនមានសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌមានជ័យ មានវិធានការបង្ក្រាបសោះ។
ពលរដ្ឋថតសកម្មភាពជល់មាន់នេះ គឺមានបំណងផ្ញើរូបភាពទាំងនេះជូនទៅលោកអភិបាលខណ្ឌ និងអធិការខណ្ឌមានជ័យ ឲ្យបានឃើញ និងមានវិធានការបង្រ្កាប ។ ប៉ុន្តែរហូតមកដល់ពេលនេះ មិនឃើញមានសមត្ថកិច្ចណា ចុះទៅបង្ក្រាបសោះ ដោយផ្តល់ឱកាសឲ្យអ្នកញៀនល្បែងស៊ីសងទាំងនោះ នាំគ្នាយកមាន់មកជល់ភ្នាល់ដាក់ប្រាក់ជាប្រចាំ។
ពលរដ្ឋគ្មានជំនឿលើសមត្ថកិច្ចស្ទឹងមានជ័យ ក៏ដូចជាអាជ្ញាធរខណ្ឌមានជ័យ មកបង្រ្កាបសង្វៀនជល់មាន់ដុះស្លែនេះទេ គឺមានតែសំណូមពរដល់លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាមានវិធានការបង្ក្រាបសង្វៀនមាន់ជល់នេះផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។