ក្បួនរថយន្តដឹកឈើលោកសឹង្ហ សំអុល មិនរំខានដំណេកអាជ្ញាធរនិងមន្ត្រីជំនាញឡើយ
តាមសេចក្តីរាយការណ៍ពីខេត្តមណ្ឌលគិរីដែលទើបនឹងទទួលបានមុននេះបន្តិចថា ឧកញ៉ា សឹង្ហ សំអុល ដែលល្បីឈ្មោះខាងបំផ្លាញព្រៃឈើ ជាប់ឈ្មោះក្នុងបញ្ជីខ្មៅនៅតុលាបានសម្រុកដឹកឈើចំនួន១៦រថយន្តវេអង ចេញពីក្រុមហ៊ុនម៉ាស្ទ័រខេសាន់ នៅរសៀលថ្ងៃនេះ។ ខណៈនេះក្បួនរថយន្តដឹកឈើរបស់ឧកញ៉ាអុល កំពង់ធ្វើដំណេីរលើដងផ្លូវ សំដៅភ្នំព្រិចចេញតាមផ្លវភូមិសំពោច ស្រុកស្នួលខេត្តក្រចេះ នាពាក់កណ្តាលយប់នេះ។ ឈើទាំងនេះមួយចំនួន គេដឹកយកទៅលក់តាមដេប៉ូនានាក្នុងប្រទេស និងមួយចំនួនទៀតយកទៅលក់នៅព្រំដែនប្រទេសវៀតណាម។
ប្រភពរាយការណ៍មកថា ឧកញ៉ាអុល បានរត់ការស្នើសុំច្បាប់ដឹកជញ្ជូនឈើនេះ២-៣ថ្ងៃហើយ ពីមន្ត្រីរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី កន្លងមកឧកញ៉ាអុល ធ្លាប់អួតបង្ហាញរិទ្ធិអំណាចខ្លួនថា ច្បាប់ដឹកជញ្ជូនឈើមួយសន្លឹក គាត់ត្រូវដឹកពី២ទៅ៣រថយន្ត ទើបរកសុីបានចំណេញ ព្រោះទោះមានច្បាប់ក៍ត្រូវបង់លុយឲ្យមន្ត្រីគ្រប់ជំនាញ ក្នុងនោះរាប់ទាំងកម្លាំងបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិផងដែរ។ ហើយការដឹកជញ្ជូនឈើទាំង១៦រថយន្តចេញពីដីក្រុមហ៊ុនថ្ងៃនេះ គេសង្ស័យថាមានច្បាប់ពិតប្រាកដយ៉ាងច្រើនតែ៧រថយន្តតែប៉ុណ្ណោះ ព្រោះឧកញ៉អុលចេះលេងឆ្ពិនភ្នែក ដោះស្លាកលេខរថយន្ត ១គ្រឿង ធ្វើជា២គ្រឿង ដោយពាក់ស្លាកលេខតែមួយ ហើយរថយន្តខ្លះដោះស្លាកលេខចេញអស់តែម្តង ឯច្បាប់ដឹកជញ្ជូនវិញគឺគេកូពីដាក់តាមរថយន្ត។
បើក្រៅពីមន្ត្រីជំនាញគឺពិបាកចាប់កំហុសណាស់ ឯមន្ត្រីជំនាញវង្វេងតែនឹងអំពើពុករលួយ ធ្វើរបាយការណ៍កុហកថ្នាក់ដឹកនាំ ដើម្បីជួយលាក់បាំងមេឈ្មួញទុច្ចរិត រក្សាឆ្នាំបាយខ្លួនមិនខ្វល់ពីវិនាសកម្មព្រៃឈើឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។