ក្រសួងវប្បធម៌​ស្រាវជ្រាវ​រក​សិល្បករ​ចាប៉ី​ដង​វែង​ ​ខណៈ​សិល្បៈ​នេះ​ប្រឈម​ខ្វះ​អ្នកស្នង​

​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​ធ្វើ​បច្ចប្បន្ន​ភាព​សិល្បករ​ចាប៉ី​ដង​វែង​ ​ខណៈ​សិល្បៈ​នេះ​កម្រមាន​មនុស្ស​ចាប់អារម្មណ៍​ក្នុង​ការរៀនសូត្រ​ ​និង​អ្នកមាន​ទេពកោសល្យ​មាន​ចំនួន​តិចតួច​។​

​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី២១​ ​ខែឧសភា​នេះ​ ​ឯកឧត្តម​ ​ហាប់​ ​ទូច​ ​អគ្គនាយក​ ​បច្ចេកទេស​វប្បធម៌​ ​នៃ​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​បាន​ឲ្យដឹង​ថា​ ​ការ​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​សិល្បករ​ចាប៉ី​ដង​វែង​នៅ​ទូទាំង​ប្រទេស​នេះ​ ​ក្នុង​គោលបំណង​ ​ដើម្បីឲ្យ​ដឹងពី​នៃ​ស្ថានភាព​នៃ​ការរស់នៅ​ ​និង​ជីវភាព​ ​ក៏ដូចជា​ចង់​ដឹងពី​ប្រវត្តិ​សិក្សា​របស់​សិល្បករ​ផ្នែក​នេះ​ឲ្យ​កាន់តែ​ច្បាស់​។​

​ឯកឧត្តម​បន្ត​ថា​ ​ការ​ធ្វើ​ជំរឿន​នេះ​ ​ក៏​ជា​ការ​លើកទឹកចិត្ត​ដល់​សិល្បករ​ ​និង​យុវជន​ជំនាន់​ក្រោយ​ខិតខំ​រៀនសូត្រ​នូវ​ទម្រង់​សិល្បៈ​មួយ​នេះ​ឲ្យបាន​ល្អ​ប្រសើរ​ ​ដើម្បី​ប្រយោជន៍​លើកស្ទួយ​ ​និង​អភិរក្ស​សិល្បៈ​ចាប៉ី​ដង​វែង​ខ្មែរ​ឲ្យ​ស្ថិតស្ថេរ​ជា​អង្វែងតទៅ​។​ ​ឯកឧត្តម​បន្ត​ទៀត​ថា​ ​ក្រោយ​ដឹងពី​បច្ចុប្បន្នភាព​អ្នក​សិល្បៈ​ទាំងនេះ​ ​ក្រសួង​នឹង​រៀបចំ​ឲ្យ​មាន​ជាម​ហោ​ស្រព​សម្រាប់​ឲ្យ​ពួកគាត់​សម្តែង​ដើម្បី​បាន​ប្រាក់​ ​ចំណូល​ ​និង​រៀបចំ​ឲ្យ​មាន​ជា​វេទិកា​ ​ដើម្បី​ជា​ស្នាល​បណ្តុះបណ្តាល​បន្ត​ដល់​អ្នក​ស្រលាញ់​ចូលចិត្ត​នឹង​អាជីព​សិល្បៈ​នេះ​។​

​របាយការណ៍​បឋម​ពី​នាយកដ្ឋាន​បច្ចេកទេស​វប្បធម៌​របស់ក្រ​សួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​បាន​បង្ហាញថា​ ​សិល្បករ​ចាប៉ី​ដង​វែង​ ​ដែល​ត្រូវ​បាន​ស្រាវជ្រាវ​រក​ឃើញ​ចាប់ពី​ថ្ងៃទី១៤​ ​ដល់​ថ្ងៃទី១៧​ ​ខែឧសភា​នេះ​ ​មាន​ចំនួន​ជាង១០០នាក់​ ​ដោយ​អ្នក​ទាំងនោះ​ ​មាន​អាយុ​ចន្លោះ​ពី១៥​ ​ទៅ៨០ឆ្នាំ​ ​ក្នុង​នោះ​នៅ​ខេត្តព្រៃវែង​ ​និង​ស្វាយរៀង​ ​មាន​ជាង១០នាក់​ដែល​ស្ថិត​ក្នុង​វ័យ​ចំណាស់​មាន​អាយុ​ចាប់ពី​ជាង៥០ឆ្នាំ​ឡើង​ទៅ​។​

​ចាប៉ី​ដង​វែង​ ​ជា​សិល្បៈ​ប្រពៃណី​បែប​ប្រជាប្រិយ​មួយ​នៅក្នុង​សង្គម​ខ្មែរ​ ​ដែល​ក្នុង​នោះ​រាប់បញ្ចូល​ទាំង​ឧបករណ៍​ភ្លេង​ចាប៉ី​ ​និង​ចម្រៀង​ផង​ ​ដោយ​សិល្បករ​ផ្នែក​នេះ​អាច​លេង​ម្នាក់ឯង​ក៏បាន​ ​ឬ​ជា​ក្រុម​ក៏បាន​ ​តាម​បែប​រឿងនិទាន​ ​កំណាព្យ​កាព្យឃ្លោង​ ​ការអប់រំ​ ​និង​បញ្ហា​សង្គម​ ​នៅ​ពិធី​សំ​ខាន់​ៗ​ដូចជា​៖​ ​កិច្ច​ជាវ​ខាន់ស្លា​ក្នុង​ពិធី​មង្គលការ​ ​ពិធី​កោរជុក​ ​ពិធី​បំបួស​ ​បុណ្យកឋិន​ ​ជាដើម​។​

​សិល្បៈ​អ​រូបិយ​របស់​កម្ពុជា​មួយ​នេះ​ ​ត្រូវ​បាន​អង្គការ​យូ​ណេស្កូ​ ​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ​នៃ​មនុស្សជាតិ​ ​កាលពី​ថ្ងៃទី៣០​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៦​។​

​យ៉ាងណាក៏ដោយ​ ​សិល្បករ​ចាប៉ី​ដង​ ​និង​ក្រុម​អ្នកគាំទ្រ​សិល្បៈ​នេះ​ ​បាន​លើក​បង្ហាញ​ពី​ក្តី​ព្រួយបារម្ភ​ចំពោះ​ការបាត់បង់​សិល្បៈ​មួយ​នេះ​នា​ពេល​អនាគត​ ​ខណៈ​បច្ចុប្បន្ន​ ​អ្នក​ស្រឡាញ់​ ​និង​ចូលចិត្ត​រៀន​ចាប៉ី​ដង​វែង​នេះ​មាន​ចំនួន​តិចតួច​នៅឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close