គម្រោងអគារ៤២ជាន់ចាប់ផ្តើមបន្តសាងសង់ឡើងវិញ
អគារកម្ពស់៤២ជាន់ ឬ GOLD TOWER ស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ ដែលផ្អាកការសាងសង់ជាច្រើនលើកនោះ បានប្រកាសសាងសង់ឡើងវិញហើយកាលពីថ្ងៃម្សិលមិញនេះ ដោយកិច្ចសហការរវាងក្រុមហ៊ុន YUNWOO របស់កូរ៉េ និងក្រុមហ៊ុន HONGTAO DECORATION មកពីប្រទេសចិន។
លោក Liu Nianxin អគ្គនាយកក្រុមហ៊ុន HONGTAO DECORATION ដែលជាដៃគូក្នុងការសាងសង់នេះ បានថ្លែងថា វត្តមានក្រុមហ៊ុនរបស់លោកនឹងបំពេញការសាងសង់បន្ថែមដើម្បីឈានដល់ការបញ្ចប់គម្រោងទាំងមូលនៅចុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០ខាងមុខ។
ជាមួយគ្នានេះ លោកបានអះអាងថា គម្រោងនេះនឹងពុំមានអ្វីដែលត្រូវរាំងស្ទះទៀតទេ ខណៈក្រុមហ៊ុនរបស់លោកមានបទពិសោធន៍គ្រប់គ្រាន់ក្នុងប្រទេសចិន ហើយចិន និងកម្ពុជា ក៏មានទំនាក់ទំនងល្អជាមួយគ្នាផងដែរ។
ចំណែកលោក Kim TaeYeon អគ្គនាយកក្រុមហ៊ុន Yunwoo របស់កូរ៉េ បានឲ្យដឹងថា ការសាងសង់បន្តនឹងត្រូវប្រើថវិការជាង១២០លានដុល្លារ ដើម្បីបញ្ចប់គម្រោងនៅចុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០ខាងមុខ។ លោក Kim អះអាងថា ក្រុមហ៊ុនបានដោះស្រាយជាមួយអតិថិជនចាស់ ដោយសន្ដិវិធី ហើយអតិថិជនចាស់អាចទិញគម្រោងឡើងវិញ ដោយធ្វើកិច្ចសន្យាថ្មី។
គួរបញ្ជាក់ថា អគារ Gold Tower 42 ដែលស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីព្រះនរោត្តមសីហនុ បានផ្អាកការសាងសង់លើកដំបូងក្នុងឆ្នាំ ២០០៨ និងបានចាប់ផ្តើមឡើងវិញក្នុងឆ្នាំ២០១០ ហើយបានផ្អាកការសាងសង់លើកទី២ នៅឆ្នាំ ២០១១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។