ធនាគារអភិវឌ្ឍអាស៊ី នឹងផ្តល់ហិរញ្ញប្បទាន១ប៊ីលានដុល្លារដល់កម្ពុជា
ធនាគារអភិវឌ្ឍអាស៊ី ADB គ្រោងនឹងផ្តល់ហិរញ្ញប្បទានប្រមាណ ៩២១.៥ លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកិច្ចអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសក្នុងការសម្រេចបាននូវ គោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
បើគិតទាំងសហហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ផ្សេងៗ រួមជាមួយ ថវិកាបដិភាគរបស់រាជរដ្ឋាភិបាល កម្មវិធីអភិវឌ្ឍន៍ និងជំនួយបច្ចេកទេសឆ្នាំ២០២០-២០២២ របស់ ADB មានទឹកប្រាក់ចំនួនប្រមាណ ១ប៊ីលានដុល្លារអាមេរិក ដោយក្នុងនោះ ទំហំហិរញ្ញប្បទានសម្រាប់វិស័យកសិកម្ម, ធនធានធម្មជាតិ និងអភិវឌ្ឍន៍ជនបទ មានទឹកប្រាក់ វិនិយោគប្រមាណ២៥០.៤ លានដុល្លារអាមេរិក។ វិស័យអប់រំ មានទឹកប្រាក់វិនិយោគប្រមាណ ១០០លានដុល្លារអាមេរិក, វិស័យថាមពលមានទឹកប្រាក់វិនិយោគប្រមាណ១០០លានដុល្លារអាមេរិក។ វិស័យការដឹកជញ្ជូន និងគមនាគមន៍មានទឹកប្រាក់វិនិយោគប្រមាណ ៨០ លានដុល្លារអាមេរិក, វិស័យសាធារណមានទឹកប្រាក់វិនិយោគប្រមាណ ១១០ លានដុល្លារ អាមេរិក, វិស័យហិរញ្ញវត្ថុ មានទឹកប្រាក់វិនិយោគប្រមាណ ៨០ លានដុល្លារអាមេរិក និង វិស័យផ្គត់ផ្គង់ទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងសេវាកម្ម មានទឹកប្រាក់វិនិយោគ ប្រមាណ២៣០.២ លានដុល្លារអាមេរិក។
គួរបញ្ជាក់ដែរថា គិតចាប់ពីឆ្នាំ១៩៩២ រហូតដល់បច្ចុប្បន្ន ADB បានផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការដល់ប្រទេសកម្ពុជា សម្រាប់ហិរញ្ញប្បទានគម្រោង អភិវឌ្ឍន៍នានា មានទឹកប្រាក់ សរុបចំនួនប្រមាណ ៣.១៩៤លានដុល្លារអាមេរិក ដែលក្នុងនោះ ឥណទានសម្បទាន ចំនួនប្រមាណ ២.៧០៤ លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៤៩០លានដុល្លារអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។