ក្រសួងព័ត៌មាន នឹងអនុញ្ញាតឲ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក បើកការិយាល័យផ្សាយឡើងវិញនៅកម្ពុជា
ក្រសួងព័ត៌មាន បានឯកភាពជាគោលការណ៍ក្នុងការផ្ដល់ពាក្យស្នើសុំបើកការិយាល័យតំណាងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA)ផ្សាយជាខេមរភាសាប្រចាំនៅកម្ពុជា ជូនទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រពន្ធ័ផ្សព្វផ្សាយសាកល (US Agency for Global Media) ដើម្បីបំពេញបែបបទដាក់ឱ្យមកក្រសួងព័ត៌មានវិញ មុននឹងឈានទៅបើកការិយាល័យតំណាង VOA ប្រចាំនៅកម្ពុជាឡើងវិញ។
នេះបើតាមការលើកឡើងរបស់ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន នៅក្នុងជំនួបពិភាក្សាការងារ រវាង លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និង លោក Michael Newbill ភារៈធារីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និងលោក Matthew Walsh អនុប្រធាន ទទួលបន្ទុកប្រតិបត្តិការនៃ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល(US Agency for Global Media) នៅទីស្តីការក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី៣០ ខែឧសភាឆ្នាំ២០១៩។
លោក មាស សុភ័ណ្ឌ បានបញ្ជាក់ថា លោក Matthew Walsh អនុប្រធានទទួលបន្ទុកប្រតិបត្តិការនៃ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកលបានស្នើសុំឱ្យក្រសួងព័ត៌មានបញ្ជាក់ពីនីតិវិធីក្នុងការបំពេញ បែបបទក្នុងការបើកការិយាល័យវិទ្យុVOAនៅកម្ពុជាឡើងវិញ។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានឆ្លើយតបឯកភាពជាគោលការណ៍ឱ្យ Global Media អាចបើកការិយាល័យតំណាងវិទ្យុ VOA នៅកម្ពុជាបាន។
លោក Matthew Walsh អនុប្រធានទទួលបន្ទុកប្រតិបត្តិការនៃ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រពន្ធ័ផ្សព្វផ្សាយសកល(US Agency for Global Media)បានអរគុណចំពោះក្រសួងព័ត៌មានដែលបានជួយសម្របសម្រួលឱ្យមានការឯកភាពគ្នាជាគោលការណ៍ក្នុងការ បើកការិយាល័យ VOA ខេមរភាសាប្រចាំនៅកម្ពុជា។ លោកបានបន្ដទៀតថា Global Media នឹងដាក់លិខិតស្នើសុំមកកាន់ក្រសួងវិញ នៅពេលឆាប់ៗនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។