ជនជាតិរុស្ស៊ីម្នាក់ចងកនឹងបង្កាន់ដៃគ្រែស្លាប់
បុរសអ្នកទេសចរជនជាតិរុស្ស៊ីម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ដោយសារតែចងកនៅនឹងបង្កាន់ដៃគ្រែ នៃផ្ទះសំណាក់យីហោផេនសិនឡដ ស្ថិតនៅភូមិវត្តតំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ជនជាតិរុស្ស៊ីដែលចងកសម្លាប់ខ្លួននោះ មានឈ្មោះ KOVALEV VIKTOR អាយុ៤០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ 65 No 1831645 ចុះថ្ងៃទី 12-05-2015 ជាជនអន្តោប្រវេសន៍ចូលមកប្រទេសកម្ពុជាតាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប។
តាមការបំភ្លឺពីអ្នកសំអាតបន្ទប់ផ្ទះសំណាក់បានឲ្យដឹងថា នៅវេលាម៉ោង 11និង 30នាទីខ្លួនបានឡើងទៅសំអាតបន្ទប់ភ្ញៀវនៅជាន់ទី 2 ( បន្ទប់ដេករួម) ស្រាប់តែឃើញភ្ញៀវប្រុសចង ក ស្លាប់នឹងបង្កាន់ដៃគ្រែ ហើយក៍រត់ទៅហៅម្ចាស់ផ្ទះសំណាក់ឲ្យទៅជួយមើល និងទាក់ទងទៅនគរបាលប៉ុស្តិ៍សង្កាត់សាលាកំរើក។
ក្រោយពីការពិនិត្យ សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះជនរងគ្រោះគឺស្លាប់ដោយធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន )។
យ៉ាងណាក៏ដោយ តាមការស្នើសុំរបស់ស្ថានរុស្សីប្រចាំនៅកម្ពុជា សមត្ថកិច្ចបានបញ្ជូនសពតាមរថយន្តក្លីនិចសឹងរិទ្ធីរ៉េតទៅតំកល់ទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ( ពេទ្យរុស្សី ) រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។