ភ្លៀងនឹងបន្តធ្លាក់ពីខ្សោយទៅមធ្យមចាប់ពីថ្ងៃទី៣១ ឧសភា ដល់ថ្ងៃទី១ ខែមិថុនា
ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា នេះថា តាមការព្យាករ ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ភ្លៀងនៅតែបន្តធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមនៅរាជធានីភ្នំពេញ និងបណ្តាខេត្តភាគខាងក្រោម ពិសេសខេត្តជាប់ព្រំប្រទល់ប្រទេសវៀតណាម។
តែចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែមិថុនា ភ្លៀងនឹងចុះខ្សោយស្ទើរទូទាំងប្រទេស ហើយចាប់ពីថ្ងៃទី០៥ ខែមិថុនា ភ្លៀងនឹងបន្តធ្លាក់ដោយមានភាពរាយប៉ាយបានល្អឡើងវិញ។
ទាំងនេះ គឺដោយសារតែប្រព័ន្ធសម្ពាធទាបដែលបានកើតឡើងកន្លងមក នៅតែបន្តស្ថិតនៅលើតំបន់អាងទន្លេមេគង្គចំណុចព្រំប្រទល់ប្រទេសថៃ និងប្រទេសឡាវ ហើយប្រទេសកម្ពុជាយើង ក៏បានទទួលចំណែកពីប្រព័ន្ធសម្ពាធទាបនេះផងដែរ គួបផ្សំនឹងខ្យល់មូសុងនិរតីខ្សោយ។
ជាមួយគ្នានេះដែរ ក្រសួងធនធានទឹក ក៏ស្នើដល់សាធារណជនសូមបន្តការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។