ក្រសួង​កសិកម្ម​ចេញ​វិធានការ​បន្ទាន់​ ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​

​ជាថ្មី​ម្តង​ទៀត​នៅ​ថ្ងៃទី៣០​ ​ឧសភា​ ​ឆ្នាំ២០១៩​ ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​បាន​ចេញ​សារាចរណែនាំ​ពី​វិធានការ​បន្ទាន់​ ​ក្នុង​ការទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ ​ទៅដល់​មន្ទីរ​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​និង​ការិយាល័យ​ផលិតកម្ម​ ​និង​បសុព្យាបាល​រាជធានី​-​ខេត្ត​ទូទាំង​ប្រទេស​ ​ព្រមទាំង​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​។​

​តាម​ការ​បញ្ជាក់​របស់ក្រ​សួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ថា​ ​ថ្មី​ៗ​នេះ​ ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ ​បាន​និង​កំពុង​រាលដាល​ខ្លាំង​មក​ខេត្ត​ជាច្រើន​នៅ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​ ​ជាពិសេស​នៅ​តាម​បណ្តាល​ខេត្ត​ដែល​មាន​ព្រំប្រទល់​ជាប់​ជាមួយ​ប្រទេស​កម្ពុជា​ ​រួមមាន​ ​ខេត្ត​ដាក់​ណុង​ ​ជាប់​ខេត្តមណ្ឌលគិរី​ ​ខេត្ត​យ៉ា​ឡាយ​ ​ជាប់​ខេត្តរតនគិរី​ ​ខេត្ត​ដុង​ផាប់​ ​ជាប់​ខេត្តព្រៃវែង​ ​ខេត្ត​កៀន​យ៉ាង​ ​ជាប់​ខេត្តកំពត​ ​និង​ខេត្តកណ្តាល​ ​ដែល​ជា​សញ្ញា​ហានិភ័យ​ខ្ពស់​ ​នៃ​ការ​ឆ្លង​រាលដាល​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ ​និង​ធ្ងន់ធ្ងរ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ដូច្នេះ​ដើម្បី​ពង្រឹង​ការ​បង្ការ​ ​និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ឲ្យ​មានប្រសិទ្ធភាព​ខ្ពស់​ ​ក្រសួង​ស្នើ​ឲ្យ​មន្ទីរ​កសិកម្ម​ ​ក៏ដូចជា​ការិយាល័យ​ផលតិ​កម្ម​ ​និង​បសុព្យាបាល​ទាំងអស់​ ​ត្រូវ​ពង្រឹង​ការទប់ស្កាត់​ការនាំចូល​ជ្រូក​រស់​ ​និង​ផលិតផល​ជ្រូក​ខុសច្បាប់​គ្រប់​ប្រភេទ​ដែល​ឆ្លងកាត់​តាម​ព្រំដែន​ ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ ​កំពង់ផែ​ ​និង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ ​ឬ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​,​ ​ត្រូវ​បន្ត​អនុវត្ត​វិធាន​ជីវ​សុវត្ថិភាព​ឲ្យបាន​ហ្មត់ចត់​នៅ​គ្រប់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ ​ទីកន្លែង​ចិញ្ចឹម​ជ្រូក​ ​កន្លែង​ប្រមូល​ផ្តុំ​ជ្រូក​ ​កន្លែង​អាជីវកម្ម​ជ្រូក​ ​និង​សត្តឃាតដ្ឋាន​ ​ព្រមទាំង​បង្កើន​ការ​តាមដាន​ឃ្លាំមើល​ ​និង​ត្រួតពិនិត្យ​ជាប្រចាំ​លើ​សុខភាព​ជ្រូក​ទូទាំង​ប្រទេស​ ​និង​ចាត់វិធានការ​ឲ្យ​ទាន់ពេល​វេលា​ ​ប្រសិន​មានការ​សង្ស័យ​ពី​វត្តមាន​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​។​

​គួរ​បញ្ជាក់​ថា​ ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​បាន​ផ្ទុះឡើង​ជាលើកដំបូង​នៅ​ប្រទេស​វៀតណាម​កាលពី​ពាក់កណ្តាល​ខែកុម្ភៈ​ ​ឆ្នាំ២០១៩នេះ​ ​ដោយ​រាលដាល​នៅ​បណ្តា​ខេត្ត​ក្រុង​ចំនួន៣៨​ ​ហើយ​ជ្រូក​ប្រមាណ​ ​១លាន​កន្លះ​ ​ត្រូវ​បាន​សម្លាប់ចោល​ ​ហើយ​សម្រាប់​ប្រទេស​កម្ពុជា​ ​ក៏បាន​រាលដាល​ផង​ដែរ​នៅ​ខេត្តរតនគិរី​ ​ប៉ុន្តែ​ត្រូវ​បាន​ទប់ស្កាត់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close