អ្នកសារព័ត៌មានខេត្តសៀមរាប ចូលរួមសិក្ខាសាលាស្តីពី «តួនាទីអ្នកសារព័ត៌មាន»
នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩នេះ អ្នកសារព័ត៌មានមកពីគ្រប់អង្គភាពដែលធ្វើប្រតិបត្តិការយកព័ត៌មាននៅក្នុងខេត្តសៀមរាប បានមកជួបប្រជុំគ្នានៅសណ្ឋាគារខេមរាអង្គរ ដើម្បីចូលរួមសិក្ខាសាលាស្តីពី «តួនាទីអ្នកសារព័ត៌មាន» ក្រោមអធិបតីរបស់ ឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា បច្ចុប្បន្នខេត្តសៀមរាបមានស្ថានីយ៍វិទ្យុ FM សរុបចំនួន៣៩ស្ថានីយ និងទូរទស្សន៍២៥ស្ថានីយ៍ ព្រមជាមួយអ្នកសារព័ត៌មានចំនួន៨០នាក់ មកពី៥៨អង្គភាព។
បើតាម ឯកឧត្តម ទៀ សីហា ថា ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរព័ត៌មានខេត្ត បានរៀបំការជួបជាមួយអ្នកសារព័ត៌មានក្នុងខេត្តចំនួន៥លើករួចមកហើយ ដោយកិច្ចប្រជុំនីមួយៗមានគោលបំណងបង្កើនភាពស្និទ្ធស្នាលរវាងមន្ទីរព័ត៌មានខេត្ត ជាមួយអ្នកសារព័ត៌មាន ដែលជាដៃគូសំខាន់ក្នុងការនាំសារឲ្យសង្គមជាតិ និងសម្របសម្រួលជាលក្ខណៈគ្រួសារព័ត៌មាន។
ឯកឧត្តមថា ជារៀងរាល់កិច្ចប្រជុំ មន្ទីរបានប្រមូលមតិយោបល់ចូលរួមគ្រប់បញ្ហា ទាំងចំណុចវិជ្ជមាន ចំណុចអវិជ្ជមាន បញ្ហាប្រឈមនានា និងភាពអសកម្ម ទាំងអាជ្ញាធរពាក់ព័ន្ធ ទាំងអ្នកសារព័ត៌មានខ្លួនឯង ក្នុងការចែករំលែកនូវបទពិសោធន៍ជុំវិញការធ្វើប្រតិបត្តិការកន្លងមក និងទៅថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។