ដំណើរការនៃការតភ្ជាប់សេវាកម្មដឹកជញ្ជូនផ្លូវដែកកម្ពុជា និងថៃ នៅរង់ចាំពេលវេលាមួយរយៈទៀត
កម្ពុជា និងថៃ មានកិច្ចព្រមព្រៀងជាគោលនៅក្នុងការតភ្ជាប់សេវាកម្មដឹកជញ្ជូនផ្លូវដែករវាងប្រទេសទាំងពីរហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏សេវាកម្មដឹកជញ្ជូនទាំងអ្នកដំណើរ និងទំនិញដោយប្រើផ្លូវដែករវាងប្រទេសទាំងពីរ នៅមិនទាន់បានដំណើរការនៅឡើយទេ ដោយទាមទារពេលវេលា និងការពិភាក្សាលម្អិតបន្ថែមទៀត។
លោក វ៉ាស៊ីម សុរិយា មន្រ្តីនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមផ្លូវដែករវាងប្រទេសទាំងពីរ មិនទាន់អាចដំណើរការបាននៅឡើយទេ ព្រោះថាការពិភាក្សាលម្អិតជាមួយភាគីថៃ នៅមិនទាន់បញ្ចប់។
លោកបន្តថា ការងារបន្ទាប់គឺខាងភាគីកម្ពុជានឹងពិភាក្សាទៅលើការដឹកជញ្ជូនក្នុងស្រុក តាមរយៈក្រុមហ៊ុនទទួលបានសម្បទាន។ លោកបញ្ជាក់ថា៖ “ការងារភ្ជាប់ផ្លូវដែកជាមួយថៃ គឺចប់សព្វគ្រប់ហើយ ប៉ុន្តែមិនមែនមានន័យថា យើងអាចធ្វើដំណើរជិះឆ្លងកាត់ ឬដឹកទំនិញព្រំដែនតាមរយៈរថភ្លើងបានភ្លាមនោះទេ។ ការពិភាក្សាលម្អិតទៅលើការដឹកជញ្ជូន ជាពិសេសពេលនេះ ផ្លូវដែកភាគខាងជើងនេះ ស្ថិតនៅក្រាមការគ្រប់គ្រងដោយក្រុមហ៊ុនទទួលសម្បទានពីរាជរដ្ឋាភិបាល”។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ប្រទេសកម្ពុជា និងថៃ បានសម្រេចធ្វើការចុះកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើកការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន ដោយកិច្ចព្រមព្រៀងនេះ គេរំពឹងថា ទៅពេលអនាគត គេអាចធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនទំនិញតាមផ្លូវដែក ពីកម្ពុជា រហូតដល់ប្រទេសសិង្ហបុរីបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។