វាយប្រហារគ្រាប់បែកលើរថយន្តដឹកនិស្សិត នៅអាហ្វហ្គានីស្ថាន ស្លាប់ និងរបួសរាប់សិបនាក់
មានករណីផ្ទុះគ្រាប់បេក ៤លើកផ្សេងគ្នា នៅទីក្រុងកាប៊ូលប្រទេស អាហ្វហ្គានីស្ថាន ដោយការវាយប្រហារសំដៅទៅពលរដ្ឋស្លូតត្រង់ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និងរាប់សិបនាក់រងរបួស ។
ប្រភពព័ត៌មានបានផ្សាយថា គ្រាប់បែកមួយគ្រាប់ បានបង្កៃនៅលើរថយន្តក្រុងដឹកនិស្សិត បណ្តាលឲ្យមនុស្សម្នាក់ស្លាប់និងរាប់សិបនាក់រងរបួស ។ ក្រោយការផ្ទុះខាងលើបានប្រហែល២០នាទី ក៏បានការផ្ទុះ គ្រាប់បែកពីរគ្រាប់ទៀត នៅតាមផ្លូវ បណ្តាលឲ្យមនុស្សជាច្រើនរងរបួសផងដែរ ក្នុងនោះមានអ្នកសារព័ត៌មានពីរនាក់និង សន្តិសុខ៥នាក់រងរបួស។ ក្រុមភេរវកម្ម ISបានចេញមុខទទួលស្គល់ថាជាសកម្មភាពវាយប្រហាររបស់ខ្លួន ។
ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani បានថ្កោលទោសការវាយប្រហារខាងលើ ។លោកបន្តទៀតថា សត្រូវមិនអាច បំបាក់ទឹកចិត្តប្រជាជន អាហ្វហ្គានីស្ថាន បានឡើយ ។
រយៈពេលកន្លងមក កម្លាំងសន្តិសុខអហ្វហ្គានីស្ថាន និងក្រុមភេរវកម្ម តាលីលបង់ តែងតែប៉ះទង្គិចគ្នាជាបន្តបន្ទាប់ ។ កាលពីចុងខែឧសភាកន្លងមក ក្រុមតាលីបង់ បានវាយប្រហារគ្រាប់បែកទៅលើយន្តហោះយោធាអាមេរិកនោទីក្រុងកាប៊ូល សម្លាប់មនុស្ស ៤នាក់និងទាហានអាមេរិក ៤នាក់រងរបួសស្រាល។ នៅថ្ងៃទី១ខែមិថុនា ក៏មានការវាយប្រហារ សម្លាប់ប៉ូលិស អាហ្វហ្គានីស្ថាន ៨នាក់ និង៧នាក់រងរបួស ដោយការវាយប្រហារភេរវកម្មអត្តឃាត នៅទីក្រុង Ghazni ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។