អាជ្ញាធរខេត្តសៀមរាប ចាប់ផ្ដើមយុទ្ធនាការចុះរុះរើស្លាកយីហោផ្សព្វផ្សាយពាណិជ្ជកម្មគ្មានច្បាប់
លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា នៅព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១៩នេះ លោកបានដឹកនាំក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្ត អាជ្ញាធរក្រុងសៀមរាប និងមន្ទីរអង្គភាពពាក់ព័ន្ធ ចុះរុះរើស្លាកយីហោ ប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ដែលគ្មានច្បាប់អនុញ្ញាត ឬអស់សុពលភាព ដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងត្រៀមខ្លួនប្រឡងប្រណាំងទីក្រុងស្អាតផងដែរ ។
លោកថា មានកត្តា៣យ៉ាង ក្នុងយុទ្ធនាការចុះរុះរើនេះ គឺទី១. រៀបចំសោភ័ណភាពខេត្តឲ្យសក្ដិសមជាខេត្តទេសចរណ៍ ដើម្បីត្រៀមប្រកួតប្រជែង និងប្រឡងប្រណាំងទីក្រុងស្អាត , ទី២. ធ្វើឲ្យស្របតាមច្បាប់ ស្ដីពីការផ្សព្វផ្សាយពាណិជ្ជកម្ម និងបទដ្ឋានមួយចំនួនរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជា អង្គភាពពន្ធដារ , ក្រសួងពាណិជ្ជកម្ម , រួមទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាដើម និងទី៣ ដើម្បីរកចំណូលថវិកាមូលដ្ឋាន ដល់អាជ្ញាធរក្រុង ស្រុក ខេត្ត ព្រោះបច្ចុប្បន្ន រាជរដ្ឋាភិបាលបានប្រតិភូកម្មអំណាចមកថ្នាក់ក្រោមជាតិ ដើម្បីឱ្យមានចំណូលមូលដ្ឋាន ដូច្នេះបើសិនជាក្រុមហ៊ុន ឬប្រជាពលរដ្ឋ ដំឡើងស្លាកយីហោ ប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ វានឹងធ្វើឲ្យបាត់បង់ចំណូល និងគ្មានសណ្ដាប់ធ្នាប់ផងដែរ ។
គួរបញ្ជាក់ថា នៅក្នុងយុទ្ធនាការនៅព្រឹកមិញ អាជ្ញាធរខេត្តចាប់ផ្ដើមអនុវត្តសកម្មភាពពីចំណុចគល់ស្ពានថ្មព្រះរាជដំណាក់ ទៅទិសខាងកើតស្របតាមបណ្ដោយផ្លូវជាតិលេខ ៦ ហើយតំបន់មួយចំនួនទៀត នឹងអនុវត្តបន្តនៅពេលក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។