សាលា​ក្តី​ខ្មែរក្រហម​ ​នឹង​បើកសវនាការ​សំណុំរឿង​ ​០០៤​/​២​ ​នៅ​ថ្ងៃទី១៩​ ​ដល់​ថ្ងៃទី២១​ ​ខែមិថុនា​ខាងមុខ​

អង្គ​បុរេ​ជំនុំជម្រះ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ​(​អ.វ.ត.ក​)​ ​បានសម្រេច​ថា​ ​សវនាការ​នឹង​ត្រូវ​ធ្វើឡើង​នៅក្នុង​សំណុំរឿង០០៤​/​២​ ​ដើម្បី​ស្តាប់​ទឡ្ហីករណ៍​ពី​ភាគី​នៅក្នុង​ ​សំណុំរឿង​ ​មុន​ពេល​ដែល​អង្គ​បុរេ​ជំនុំជម្រះ​ចេញ​សាលដីកា​លើ​បណ្តឹង​ឧទ្ធរណ៍​ទាំងនោះ​។​

​យោង​តាម​ដីកា​កំណត់កាល​បរិច្ឆេទ​ ​សវនាការ​នេះ​ ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី១៩​ ​ថ្ងៃទី២០​ ​និង​ថ្ងៃទី២១​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​។​

​យោង​តាម​សេចក្ដីប្រកាស​បញ្ជាក់​ថា​ ​សហ​ព្រះរាជអាជ្ញា​ជាតិ​ ​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ ​និង​សហ​មេធាវី​ជាតិ​-​អន្តរជាតិ​ការពារ​ក្តី​ជន​ត្រូវ​ចោទ​ ​នឹង​មាន​សិទ្ធិ​លើកឡើង​ពី​ទឡ្ហីករណ៍​ ​របស់​ខ្លួន​។​ ​ប្រសិនបើ​ជន​ត្រូវ​ចោទ​មាន​វត្តមាន​ ​ជន​ត្រូវ​ចោទ​នឹង​ទទួល​បាន​ឱកាស​ដើម្បី​ធ្វើ​ ​សេចក្តី​សន្និដ្ឋាន​ផ្ទាល់ខ្លួន​នៅពេល​ចុងបញ្ចប់​បិទ​សវនាការ​។​ ​ជាមួយគ្នា​នេះ​ ​នៅពេល​បិទ​បញ្ចប់​សវនាការ​ ​អង្គ​បុរេ​ជំនុំជម្រះ​នឹង​ធ្វើការ​ពិចារណា​ដើម្បី​ចេញ​សាលដីកា​សម្រេច​។​

​សវនាការ​នេះ​ ​នឹង​ធ្វើឡើង​ជា​សាធារណៈ​នៅពេល​ដែល​ចាប់ផ្តើម​ឧទ្ទេសនាម​ភាគី​ ​នៅក្នុង​សំណុំរឿង​ជូន​អង្គ​ជំនុំជម្រះ​ ​និង​នៅពេល​ដែល​អង្គ​ជំនុំជម្រះ​អាន​សេចក្តី​រាយការណ៍​ ​អំពី​សំណុំរឿង​នេះ​។​ ​បន្ទាប់មក​ ​អង្គ​បុរេ​ជំនុំជម្រះ​ ​នឹង​ស្តាប់​ទឡ្ហីករណ៍​ពី​ភាគី​នៅក្នុង​សំណុំរឿង​នៅក្នុង​សវនាការ​សម្ងាត់​វិញ​។​

​សូម​បញ្ជាក់​ថា​ ​អង្គ​បុរេ​ជំនុំជម្រះ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​ទទួ​លប​ណ្តឹង​ឧទ្ធរណ៍​ដាក់​ដោយ​សហ​ព្រះរាជអាជ្ញា​ជាតិ​នៅ​ថ្ងៃទី១៤​ ​ខែធ្នូ​ ​ឆ្នាំ២០១៨​ ​បណ្តឹង​ឧទ្ធរណ៍​ដាក់​ដោយ​សហ​មេធាវី​ការពារ​ក្តី​ជន​ត្រូវ​ចោទ​ ​នៅ​ថ្ងៃទី១៩​ ​ខែធ្នូ​ ​ឆ្នាំ២០១៨​ ​ប្រឆាំង​នឹង​ដីកា​ដំណោះស្រាយ​(​ដីកាបញ្ជូន​ទៅ​ជំនុំជម្រះ​)​ ​ដែល​ចេញ​ដោយ​សហ​ចៅក្រម​ស៊ើបអង្កេត​ ​អន្តរជាតិ​នៅ​ថ្ងៃទី១៦​ ​ខែសីហា​ ​ឆ្នាំ២០១៨​ ​នៅក្នុង​សំណុំរឿង​ ​០០៤​/​២​ ​និង​បណ្តឹង​ឧទ្ធរណ៍​ដាក់​ ​ដោយ​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ ​នៅ​ថ្ងៃទី២០​ ​ខែធ្នូ​ ​ឆ្នាំ២០១៨​ ​ប្រឆាំង​នឹង​ដីកា​លើកលែង​ ​ចោទ​ ​ប្រកាន់​ជន​ត្រូវ​ចោទ​ ​ដែល​ចេញ​ដោយ​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ​នៅ​ថ្ងៃទី១៦​ ​ខែ​ ​សីហា​ ​ឆ្នាំ២០១៨​ ​នៅក្នុង​សំណុំរឿង​ ​០០៤​/​២​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close