អនុក្រឹត្យថ្មី អនុញ្ញាតឲ្យម្ចាស់យានយន្តរក្សាទុកស្លាកលេខរបស់ខ្លួនបាន និងក៏អាចធ្វើស្លាកលេខពិសេសតាមការចង់បានរបស់ខ្លួនឯងផងដែរ
ទីបំផុតទៅ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចហើយ ក្នុងការចេញអនុក្រឹត្យដោយអនុញ្ញាតឲ្យម្ចាស់យានយន្តអាចរក្សាទុកលេខសម្គាល់យានយន្តរបស់ខ្លួនបាន ហើយពិសេសជាងនេះទៅទៀត គឺអាចធ្វើស្លាកលេខពិសេស ដែលខ្លួនចង់បានថែមទៀត។
យោងតាមមាត្រា២២ នៃអនុក្រឹត្យថ្មីនេះ ម្ចាស់កម្មសិទ្ធិយានជំនិះ មានសិទ្ធិស្នើសុំរក្សាលេខចុះបញ្ជីយានជំនិះដែលកំពុងប្រើប្រាស់សម្រាប់ចុះបញ្ជីលើយានជំនិះថ្មីរបស់ខ្លួនបាន ស្របតាមបែបបទ និងនីតិវិធី នៃការចុះបញ្ជីយានជំនិះ ការផ្តល់ស្លាកលេខសម្គាល់យានជំនិះ និងការលុបចេញពីបញ្ជីយានជំនិះ និងត្រូវបង់កម្រៃសេវាសាធារណៈ ដែលកំណត់ដោយប្រកាសអន្តរក្រសួងរវាងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
ដោយឡែកបើតាមការបញ្ជាក់ក្នុងមាត្រា១៥ ស្លាកលេខពិសេស ស្ថិតក្នុងចង្កោមទី៣ ដោយមានផ្នែកខាងលើ សរសេរអក្សរខ្មែរ «កម្ពុជា» ផ្នែកកណ្តាលជាលេខចុះបញ្ជីមានលេខ ឬ អក្សរឡាតាំងមិនលើសពី៨ខ្ទង់ និងផ្នែកខាងក្រោមសរសេរអក្សឡាតាំង «CAMBODIA» នៅពីក្រោមបន្ទាត់ផ្តេក។
ការចុះលេខពិសេសផ្ទាល់ខ្លួន ត្រូវបង់កម្រៃសេវាសាធារណៈតាមការកំណត់ក្នុងប្រកាសអន្តរក្រសួងរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឬតាមលទ្ធផលនៃការលក់ ឬដេញថ្លៃជាសាធារណៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។