កម្ពុជា​ ​និង​ជប៉ុន​ ​ចុះ​អនុស្សរណៈ​ស្ដីពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​សម្រាប់​ការ​អភិវឌ្ឍ​កំពង់ផែ​ ​ស្វយ័ត​ក្រុង​ព្រះសីហនុ​

អនុស្សរណៈ​ស្ដីពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​សម្រាប់​ការ​អភិវឌ្ឍ​កំពង់ផែ​ផែ​ស្វយ័ត​ ​ក្រុង​ព្រះសីហនុ​ ​ត្រូវ​បាន​ចុះហត្ថលេខា​ ​ដោយ​ ​លោក​ ​លូ​ ​គឺ​ម​ឈន់​ ​ប្រធានអគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ​និង​លោក​ ​Shigenori​ ​OGAWA​ ​អគ្គនាយក​នៃ​នាយកដ្ឋាន​អាស៊ី​អាគ្នេយ៍​ ​និង​ប៉ាស៊ីហ្វិក​ ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ ​(​JICA​)​ ​កា​ពី​ ​ថ្ងៃទី០៣​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​នៅ​ការិយាល័យ​កណ្ដាល​អង្គការ​ ​JICA​ ​នាទី​ក្រុង​តូក្យូ​។​ ​នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អង្គការ​ ​JICA​ ​នា​ថ្ងៃទី០៤​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​។​

​អនុស្សរណៈ​ស្ដីពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ ​ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​ពង្រឹង​ ​និង​ពង្រីក​ភាពជា​ដៃគូ​រវាង​អង្គការ​ ​JICA​ ​និង​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ​ដើម្បី​លើកកម្ពស់​ការ​អភិវឌ្ឍ​កំពង់ផែ​ ​និង​ភស្តុភារ​កម្ម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៃ​ប្រទេស​កម្ពុជា។​

​កំពង់ផែ​ ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ​គឺជា​កំពង់ផែ​ទឹកជ្រៅ​តែមួយគត់​ក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​កំពង់ផែ​នេះ​ ​បាន​ដើរតួ​ជា​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​សំខាន់​ ​ក្នុង​ការចូលរួម​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។​ ​ចាប់តាំងពី​ឆ្នាំ១៩៩៩មក​ ​JICA​ ​បាន​ផ្ដល់​ហិរញ្ញប្បទាន​ ​ហិរញ្ញប្បទាន​ឥត​សំណង​ ​កិច្ច​សហ​ ​ប្រតិបត្តិ​ការ​បច្ចេកទេស​ ​និង​បន្ត​ផ្ដល់​ការ​គាំទ្រ​នានា​ ​ដើម្បី​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ពង្រឹង​សមត្ថភាព​កំពង់ផែ​។​

​ផ្អែកលើ​ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ​នឹង​ក្លាយទៅជា​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ក្នុង​ស្រុក​ ​និង​តំបន់​យ៉ាង​សំខាន់​ ​ដែល​ក្នុង​នោះ​ចំនួន​កុងតឺន័រ​ឆ្លងកាត់​សរុប​បាន​កើនឡើង​ពី​ចំនួន២៩០.០០០TEUs​ ​ក្នុង​ឆ្នាំ២០១៣​ ​ដល់៥៤០.០០០​ ​TEUs​ ​ក្នុង​ឆ្នាំ២០១៨​។​ ​ទន្ទឹម​នេះ​ ​វា​ក៏​មាន​សារៈសំខាន់​ណាស់​ ​ក្នុង​ការ​ធ្វើការ​អភិវឌ្ឍ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ​ហើយ​ការ​ពង្រឹង​បន្ថែម​លើ​ប្រតិបត្តិ​ការ​ ​និង​ការគ្រប់គ្រង​កំពង់ផែ​ ​និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក៏​មាន​សារៈសំខាន់​ផង​ដែរ​។​

​ក្នុង​ជំនួប​ទ្វេភាគី​រវាង​ ​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​ ​នៃ​ព្រះរាជា​ណា​ចក​ម្ពុ​ជា​ ​និង​ឯកឧត្ដម​ ​Abe​ ​Shinzo​ ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ ​កាលពី​ថ្ងៃទី៣១​ ​ខែឧសភា​ ​ឆ្នាំ២០១៩កន្លងមក​នេះ​ ​បានឱ្យ​ដឹង​ថា​ ​ប្រទេស​ជប៉ុន​បាន​ប្ដេជ្ញា​បន្ត​ផ្ដល់​ការ​គាំទ្រ​ ​ដល់​ការ​អភិវឌ្ឍ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​បន្ថែម​ទៀត​ ​ក្នុង​នោះ​ ​រួមមាន​ទាំង​ការរៀបចំ​ ​ផែនការមេ​សម្រាប់​ការ​អភិវឌ្ឍ​កំពង់ផែ​ផង​ដែរ​។​ ​ក្នុង​ន័យ​នេះ​ ​អង្គការJICA​ ​នឹង​បន្ត​កិច្ច​សហប្រតិបត្តិ​ការ​ ​តាមរយៈ​ការ​ផ្ដល់​កម្ចី​ហិរញ្ញប្បទាន​សម្រាប់​កសាង​គម្រោង​ ​«​អភិវឌ្ឍន៍​ចំណត​កុងតឺន័រ​ថ្មី​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​»​ ​និង​ហិញ្​ញប្ប​ទាន​ឥត​សំណង​សម្រាប់​គម្រោង​«​ ​ប្រព័ន្ធ​ផ្លាស់ប្ដូរ​ទិន្នន័យ​អគ្គិសនី​នៅ​កំពង់ផែ​ ​ដើម្បី​ការ​ធ្វើ​ទំនើបកម្ម​កំពង់ផែ​»​។​ ​មិន​តែប៉ុណ្ណោះ​ ​JICA​ ​ក៏​នឹង​ចូលរួម​លើ​កម្ពស់​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន​ ​និង​តំបន់​ឥណ្ឌា​-​ប៉ាស៊ីហ្វិក​ ​តាមរយៈ​ការ​ពង្រឹង​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ ​និង​ភាពជា​ដៃគូ​ជាមួយ​កំពង់ផែ​ស្វយ័ត​ក្រុង​ ​ព្រះសីហនុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close