បញ្ជូនយុវជន៣នាក់កែច្នៃអាវុធខុសច្បាប់ឡើងតុលាការ
លោកវរៈសេនីយ៍ឯកហង្ស សុផាតភិរម្យ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី៧ មិថុនា ម្សិលមិញ តុលាការបានសម្រេចធ្វើការឃុំខ្លួនយុវជនចំនួន ០៣នាក់ត្រូវបានបញ្ជូនទៅកាន់តុលាការ ពាក់ពន្ធករណីនាំចូល និងកែច្នៃអាវុធដោយខុសច្បាប់។
យុវជនទាំង ០៣នាក់ រួមមានទី១. ឈ្មោះ ជា ហ៊ាបហ៊ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរនិស្សិត ស្រុកកំណើតនៅភូមិទី១ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម និងមកស្នាក់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប (អ្នកនាំចូល នាំចេញ កែច្នៃអាវុធ)។ ទី២ . ឈ្មោះ លី តាំងឆេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិស្សិត មានទីលំនៅភូមិតាវៀន ឃុំសាលាកំរើក ក្រុង.ខេត្តសៀមរាប ( ពាក់ព័ន្ធបទជួញដូរអាវុធខុសច្បាប់ ) ។ ទី៣ . ឈ្មោះ ឡី ម៉េងឡុង ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិមហាលាភ ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម និងមកស្នាក់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង.ខេត្តសៀមរាប(ជួញដូរអាវុធខុសច្បាប់ ) ។
សូមបញ្ជាក់ថា ក្នុងករណីឃាត់ខ្លួនដែលធ្វើឡើងកាលពីថ្ងៃទី៥ មិថុនា សមត្ថកិច្ចបានរឹបអូសអាវុធខ្លីម៉ាក G Lock ពណ៌ខ្មៅ ហ្កាស់បញ្ចូលកាំភ្លើងសំរាប់បាញ់ចំនួន៥ដប ស្នាប់កាំភ្លើងខ្លី ពណ៌ខ្មៅ ចំនួនមួយ-សោរសំរាប់ដោះ( ទួលីវីស )ចំនួន៣ដុំ លិខិតឆ្លងដែនរបស់ឈ្មោះ ជា ហ៊ាបហ៊ មួយក្បាល កាតវីងចំនួនមួយកាតធានារ៉ាប់រង(ប្រទេសថៃ)ចំនួនមួយ ។
លោកវរៈសេនីយ៍ឯកបានឲ្យដឹងថា ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់ខាងលើ បានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា ពួកគេពិតជាបាននាំចូល នាំចេញ និងកែច្នៃ ជួញដូរអាវុធខុសច្បាប់ពិតប្រាកដមែន ដោយក្នុងនោះមានដូចជា៖ អាវុធខ្លីពិតចំនួន១០០ដើម ប្រភេទអាវុធខ្លីប្រើហ្កាស់ និងអាវុធប្រើខ្យល់ ចំនួន៣០០ដើម ឲ្យទៅតាមបណ្តាខេត្ត និង រាជធានី ដោយភាគច្រើនពួកគេលក់នៅលើទីផ្សាររាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។