លោក ឃួង ស្រេង៖ កំពុងសុំដីកាពីតុលាការដើម្បីតាមចាប់ខ្លួន ម្ចាស់ក្លឹបកម្សាន្ដ លុច្សសារី ខណៈការធ្វើតេស្ដទឹកនោមលើមនុស្សជាង៤០០នាក់ជិតរួចរាល់ហើយ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹង នៅក្នុងពិធីចូលរួមហូបនំបញ្ចុក ជាមួយកម្មករ កម្មការរិនី ប្រជាពលរដ្ឋ ១៦២០នាក់នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៏សែនជ័យថា នៅពេលនេះ លោកកំពុងសុំដីកាពីតុលាការ ដើម្បីតាមចាប់ខ្លួនម្ចាស់ក្លឹបកម្សាន្ដ លុច្សសារី ដែលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបនៅយប់ឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីគ្រឿងញៀន ដោយឃាត់ខ្លួនបាន មនុស្សជាង ៤០០នាក់។
ក្នុងឱកាសអញ្ជើញដឹកនាំកម្មករ កម្មការិនី ហូបនំបញ្ចុកសាមគ្គីជាតិ នៅខណ្ឌពោធិ៍សែនជ័យ នេះ លោក ឃួង ស្រេង បានបញ្ជាក់ថា កន្លងទៅអាជ្ញាធរធ្លាប់បានណែនាំជាច្រើនលើកច្រើនសារហើយ ដល់ម្ចាស់ទីតាំងក្លឹបកម្សាន្ដខាងលើនេះ ប៉ុន្ដែហាក់គ្មានប្រសិទ្ធភាពនោះទេ ពោលម្ចាស់ទីតាំងនៅបន្ដបើកដដែលមិនថា យប់ថ្ងៃនោះឡើយ ដោយបង្កការរំខានយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ សិស្សនិស្សិត រហូតប៉ុន្មានថ្ងៃមុននេះ មានករណីបាញ់បោះផងដែរ។
លោកបានបញ្ជាក់ថា៖ នៅពេលនេះយើងកំពុងសុំដីកាពីតុលាការ ដើម្បីតាមចាប់ម្ចាស់ក្លឹបយកផ្តន្ទាទោសតាមច្បាប់ ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ភួង ម៉ាល័យ ស្នងការរងនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ថា៖ គិតរហូតមកដល់ពេលនេះ មនុស្សដែលសមត្ថកិច្ចឃាត់ខ្លួនទាំង៤០០នាក់នោះ កំពុងធ្វើការពិនិត្យទឹកនោមដើម្បីស្វែងរកសារធាតុញៀនជិតរួចរាល់ហើយ។
យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ទោ ភួង ម៉ាល័យ មិនទាន់អាចបញ្ជាក់ថា តើមានមនុស្សប៉ុន្មាននាក់ដែល មានសារធាតុញៀន នៅក្នុងខ្លួននោះទេ? ប៉ុន្ដែសមត្ថកិច្ចកំពុងតែដុតដៃដុតជើងលើកការងារនេះ ឲ្យទៅតាមនីតិវិធី។ ទន្ទឹងនឹងនេះ សមត្ថកិច្ចពាក់ព័ន្ធក៏មិនទាន់បានបង្ហាញអំពីអត្ដសញ្ញាណម្ចាស់ទីតាំងក្លឹប «លុច្សសារី» ថាឈ្មោះអ្វី ហើយមានតួនាទីម្ចាស់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។