សម្ដេចតេជោ អរគុណបងប្អូនជនរួមជាតិដែលបានរៀបចំនំបញ្ចុក ហូបរួមគ្នា ដើម្បីបង្ហាញពីការឯកភាពជាតិកាន់តែរឹងមាំ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអរគុណចំពោះបងប្អូនជនរួមជាតិដែលបានរៀបចំនំបញ្ចុកហូបរួមគ្នា ដើម្បីបង្ហាញពីការឯកភាពជាតិកាន់តែរឹងមាំថែមទៀត។
នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្ដេចតេជោបានសរសេរថា “សូមបងប្អូនជនរួមជាតិហូបនំបញ្ចុកឱ្យបានឆ្ងាញ់នៅក្នុងថ្ងៃសម្រាក ចុងសប្តាហ៍ និងអរគុណដល់បងប្អូនទាំងអស់គ្នា ដែលបានរៀបចំនំបញ្ចុកហូបរួមគ្នាដោយមិនប្រកាន់ក្រុម ប្រកាន់ជំនឿសាសនា ឬប្រកាន់និន្នាការនយោបាយអ្វីឡើយ”។ សម្ដេច តេជោបានលើកឡើងថា បងប្អូនហូបនំបញ្ចុកថ្ងៃនេះ គឺបានបង្ហាញពីមិត្តភាព សាមគ្គីភាព ការស្រឡាញ់រាប់អាន និងឯកភាពជាតិយើងកាន់តែរឹងមាំថែមទៀត។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា។
គួររម្លឹកដែរថា ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ កាលពីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអំពាវ នាវឱ្យប្រជាពលរដ្ឋចូលរួម ហូបនំបញ្ចុកទាំងអស់គ្នា នៅថ្ងៃទី០៩ ខែមិថុនានេះ ដោយសម្ដេចតេជោ បានគូសបញ្ជាក់ថា នំបញ្ចុកជាអត្តសញ្ញាណរបស់ជាតិ មិនមែនជារបស់ បក្សនយោបាយណាមួយនោះទេ ដូច្នេះកុំយកនំបញ្ចុក ធ្វើជាបញ្ហានយោបាយឱ្យសោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។