រដ្ឋមន្ត្រីពាណិជ្ជកម្ម អំពាវនាវឲ្យប្រជាពលរដ្ឋ និងវិស័យឯកជន ចូលរួមគាំទ្រកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ ឬ «ទូកនាគ» នៅកម្ពុជា
នាឱកាសចូលរួមពិធីបិទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ឬ «ទូកនាគ» ជ្រើសរើសជើងឯកភូមិភាគនិរតី «ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១» កាលពីរសៀលថ្ងៃទី៩ មិថុនា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជនទាំងអស់ ចូលរួមគាំទ្រកីឡាប្រណាំងទូកនាគ។
«សូមមេត្តាជួយគាំទ្រ និងផ្តល់កម្លាំងចិត្តដល់កីឡាករ កីឡាការិនីរបស់យើង ដើម្បីធ្វើឱ្យកីឡាប្រកួត “ទូកនាគ” កាន់តែរីកចម្រើនថែមទៀត ព្រោះនៅក្នុងប្រទេសយើង កីឡានេះនៅមានកម្រិតនៅឡើយ»។ ប្រសាសន៍ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
នៅក្នុងឱកាសនោះដែរ ដើម្បីធ្វើឱ្យកីឡាប្រកួតទូកកានូ ទូករ៉ូអ៊ីង និងទូកប្រពៃណី នៅក្នុងព្រះរាជាណាចក្រកម្ពុជា កាន់តែមានវឌ្ឍនភាពថែមទៀត ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានផ្តល់នូវអនុសាសន៍សំខាន់ៗ ដល់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ចំនួន ៥ចំណុច ដូចខាងក្រោម៖
១- ត្រូវខិតខំបណ្តុះបណ្តាល បង្កើនបរិមាណកីឡាករ កីឡាការិនី តាមបណ្តាសមាគម កីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ឬ «ទូកនាគ» ទូកកានូ ទូករ៉ូអ៊ីង រាជធានី-ខេត្ត ក្រសួងស្ថាប័ន ឱ្យបានទូលំទូលាយ ហើយត្រូវស្វែងរកសម្ភារៈហ្វឹកហាត់ ឱ្យបានគ្រប់គ្រាន់។
២- ត្រូវខិតខំពង្រឹងសមត្ថភាពអាជ្ញាកណ្តាល និងចៅក្រម ឱ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព ដើម្បីមានភាពម្ចាស់ការខ្ពស់ ក្នុងការរៀបចំការប្រកួតកីឡានេះនៅគ្រប់កម្រិត។
៣- ត្រូវបំផុសឱ្យមានការចូលរួមពីមហាជន និងជំរុញឱ្យមានការហ្វឹកហាត់ជាប្រចាំ ជាពិសេសនៅតាមបណ្តាសមាគមទូទាំងប្រទេស។
៤- ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ ក្លឹប និងសមាគមទូទាំងប្រទេស។
៥- ត្រូវខិតខំស្វែងរកដៃគូ និងកៀងគរជំនួយបន្ថែមទៀត ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួតឱ្យបានច្រើន ក្នុងមួយឆ្នាំៗ តាមដែលអាចធ្វើបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។