ខេត្តក្រចេះផ្ទុះជំងឺគ្រុនឈាម ៤៤២ ករណីនៅក្នុងខែមិថុនានេះ
លោក ឈ្នាង សុវត្ថា ប្រធានមន្ទីរសុខាភិ បាលខេត្តបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៩ នៅទូទាំងខេត្តក្រចេះមានផ្ទុះករណីជំងឺគ្រុនឈាមចំនួន ៤៤២ ករណី គឺមានការកើនឡើងខ្ពស់ហួសពីការស្មាន ដោយឆ្នាំកន្លងទៅក្នុងមួយឆ្នាំៗមានជំងឺគ្រុនឈាម មិនលើសពី ៣០ ករណីទេ ។
លោកប្រធានមន្ទីរសុខាភិបាលខេត្តបានឱ្យដឹងទៀតថា ក្នុងចំណោម ក្រុង ស្រុកទាំង ៦ របស់ខេត្តក្រចេះគឺ មានស្រុកចំនួនពីរដែលផ្ទុះជំងឺគ្រុនឈាមខ្លាំងជាងគេគឺ ស្រុកស្នួល និងស្រុកចិត្របុរី ដែលបណ្ដាលឱ្យអ្នកជំងឺចំនួន៤ នាក់បានស្លាប់ ក្នុងនោះមានក្មេងជំទង់អាយុ ១៥ឆ្នាំម្នាក់ផងដែរ ។
លោក ឈ្នាង សុវត្ថា ក៏បានបញ្ជាក់ថា កត្តាដែលជម្រុញឱ្យកើតមានជម្ងឺគ្រុនឈាមខ្លាំងនិងច្រើនករណីនៅក្នុងឆ្នាំនេះ គឺទាក់ទងនឹងកត្តាអាកាសធាតុ ដោយសាររដូវ ប្រាំងមានរយៈពេលអូសបន្លាយវែងនិងក្តៅខ្លាំង ហើយរដូវវស្សាមានភ្លៀងធ្លាក់មកយ៉ាងគំហុគដែលបម្រែបម្រួលអាកាសធាតុរបៀបនេះ វាជាលទ្ធភាពបង្កឲ្យកើតមាននូវករណីជំងឺគ្រុនឈាមច្រើនដូច្នេះ ។
លោកបញ្ជាក់ថា ជម្ងឺគ្រុនឈាមកើតឡើងដោយ មូសខ្លា ហើយវាខាំនៅពេលថ្ងៃ ទីកន្លែងដែលពួកវាងាយកើតឡើង គឺកន្លែងមានដក់ទឹក ដូចជា ពាងទឹក អាងទឹក សំបកដប សំបកដូង កំប៉ុង ថូផ្កា ជាពិសេសសំបកកង់ឡាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។