កម្ពុជារៀបចំព្រឹត្តិការណ៍កីឡាប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ជាលើកដំបូង នាដើមឆ្នាំ២០២០
ក្រសួងទេសចរណ៍ និង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហការជាមួយ ស្ថាប័នជំនាញអន្ដរជាតិ នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ នា ដើមឆ្នាំ២០២០ខាងមុខ។ នេះបើតាមការបញ្ជាក់ឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីពេលថ្មីៗកន្លង ទៅនេះនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១នេះ បានកំណត់យកថ្ងៃទី០៤ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ដើម្បីរៀបចំនៅតាមតំបន់ឆ្នេរខេត្តទាំង៤របស់កម្ពុជា មានខេត្តកោះកុង ខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ។
លោកថា នេះគឺជាការប្រកួតលក្ខណៈជំនាញ ដែលនឹងមានកីឡាករ-កីឡាការិនីអាជីពលើពិភព លោកជាង១០០នាក់ មកពីជិត២០ប្រទេសចូលរួម ដោយកម្ពុជានឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនលើវិស័យទេសចរណ៍ វិស័យកីឡាជិះកង់កម្ពុជា និងទទួលបាននូវបទពិសោធន៍ដ៏ល្អ ដើម្បីត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។
អគ្គលេខាធិការរូបនេះបានបន្តទៀតថា ព្រឹត្តិការណ៍នេះ គឺជាព្រឹត្តិការណ៍មួយ ដែលលើពិភពលោកនេះ គេធ្វើជាឧបករណ៍ក្នុងការទាក់ទាញទេសចរសម័យថ្មី ដែលអាចទាក់ទាញទេសចរពី១០ទៅ២០ភាគរយ តាមរយៈអ្នកចូលចិត្ត វិស័យកីឡា។ ដូច្នេះយើងត្រៀមរៀបចំនឹងមានការចូលរួមពីកីឡាករ-ការិនីអាជីពលើពិភពលោកជាង១០០នាក់ ហើយក៏មានការ ចូលរួមពីក្រុមកីឡាករជំនាញកម្ពុជាដែរ។
បើតាម លោក នី ផល្លី អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាបានលើកឡើងដែរថា ការប្រកួតនេះមានចម្ងាយផ្លូវប្រមាណ៥០០គីឡូម៉ែត្រ ហើយចែកចេញជា៣ដំណាក់កាល ប្រណាំងនៅថ្ងៃទី០៤ ចេញដំណើរពីតារាសាគរដល់ទីរួមខេត្តកោះកុង។ ដំណាក់កាល ទី២ ប្រណាំងថ្ងៃទី០៥ ចេញដំណើរពីរង្វង់មូលសាយភូថង ខេត្តកោះកុង ដល់ភ្នំបូកគោ និងដំណាក់កាលទី៣ ប្រណាំងថ្ងៃទី៦ ចេញដំណើរពីសាលាខេត្តកែប ដល់រង្វង់មូលតោពីរ ខេត្តព្រះសីហនុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។