ចាប់ពី​ថ្ងៃស្អែក​ ​សូម​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ​រន្ទះ​ ​ខ្យល់​កន្រ្តាក់​ ​ព្រោះ​សម្ពាធ​ទាប​កំពុង​បន្ត​អូស​បន្លាយ​លើ​ប្រទេស​កម្ពុជា​

​ក្រសួងធនធានទឹក​ ​និងឧតុនិយម​ ​នៅ​ថ្ងៃទី១១​ ​មិថុនា​ ​ឆ្នាំ២០១៩នេះ​ ​បាន​ចេញ​សេចក្តី​ជូនដំណឹង​ ​ដោយ​ប្រកាសប្រាប់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ​សូម​បង្កើន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ដូចជា​ ​ផ្គរ​ ​រន្ទះ​ ​ខ្យល់​កន្រ្តាក់​ ​ក៏ដូចជា​រលក​សមុទ្រ​ ​ដោយសារតែ​បច្ចុប្បន្ន​នេះ​ ​ជ្រលង​សម្ពាធ​ទាប​នៅតែ​បន្ត​អូស​បន្លាយ​លើ​កម្ពុជា​ ​ខណៈ​ខ្យល់មូសុង​និរតី​បង្កើន​ឥទ្ធិពល​មក​លើ​តំបន់​មាត់សមុទ្រ​ផង​ដែរ​។​

​តាម​ការ​ព្យាករ​របស់​ខ្លួន​ថា​ ​ចាប់ពី​ថ្ងៃទី១២​-​១៨​ ​ខែមិថុនា​ ​ភ្លៀង​នៅ​បន្ត​ធ្លាក់​រាយប៉ាយ​បាន​ច្រើន​ ​ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​ ​ហើយ​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​ ​តំបន់​ទំនាប​កណ្តាល​ភាគ​ខាងកើត​ជាប់​ប្រទេស​វៀតណាម​ ​ភ្លៀង​ធ្លាក់​ក្នុង​បរិមាណ​ពី​មធ្យម​ទៅ​បង្គួរ​ ​ដោយ​កើតឡើង​ជាលំដាប់​ ​ទន្ទឹម​នោះ​ ​កន្លែង​ខ្លះ​អាច​មាន​បរិមាណ​ច្រើន​។​

​ដោយឡែក​បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ​ ​ភ្លៀង​ក៏​បង្កើន​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ​ ​និង​រាយប៉ាយ​បាន​ប្រសើរ​ជាង​រយៈពេល​កន្លងទៅ​ ​ឯ​បណ្តា​ខេត្ត​ភាគ​ខាងលើ​នៅ​ឦសាន​ជាប់​វៀតណាម​ ​ភ្លៀង​នឹង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​។​

​សម្រាប់​បាតុភូត​ផ្គរ​ ​រន្ទះ​ ​ខ្យល់​កន្រ្តាក់​នៅតែ​បន្ត​កើតមាន​ ​ខណៈ​នៅ​លើ​ផ្ទៃសមុទ្រ​នៅ​ថ្ងៃទី១២​-​១៣​ ​ខែមិថុនា​ ​ផ្ទៃមេឃ​មាន​ពពក​មីរ​ដេរ​ដាស់​ ​លាយឡំ​នឹង​ភ្លៀង​,​ ​ខ្យល់បក់​បោក​ខ្លាំង​ ​និង​រលក​មាន​រល​ក​ខ្ពស់​ៗ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close