សម្តេច ស ខេង ៖ គ្រោះថ្នាក់ចរាចរណ៍នៅតែមិនទាន់ថយចុះ ជាសញ្ញាថា ការគោរពច្បាប់ធ្លាក់ចុះ
ថ្លែងក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍លើកទី១២នាព្រឹកថ្ងៃទី១១ខែមិថុនា ឆ្នាំ២០១៩ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា “តាមខ្ញុំតាមដានជាប្រចាំរៀងរាល់ថ្ងៃនោះ គឺចំនួនគ្រោះថ្នាក់ចរាចរណ៍មិនមែនថយចុះនោះទេ ហើយនេះជាសញ្ញាមួយបង្ហាញថាការគោរព ច្បាប់ក្នុងពេលធ្វើដំណើរហាក់បីដូចជាមានការធ្លាក់ចុះ”។
សម្ដេចក្រឡាហោមបានបញ្ជាក់ថា ការពិតហើយយើងក៏ត្រូវមានមើលឃើញកក្តាផ្សេងទៀតដែលបណ្តាលឱ្យគ្រោះថ្នាក់ចរាចរណ៍ ដូចជាកំណើនយានយន្តកើន រហូត៣០ភាគរយ នៅឆ្នាំ២០១៨ ហើយចាប់ពីដើមឆ្នាំ២០១៩មក ចំនួននេះវា កើនឡើងច្រើនជាងនេះទៀត ដោយមិនទាន់គិតពីម៉ូតូ និងទោចក្រយាន្តផង។
សម្តេចក្រឡាហោមក៏បានលើកឡើងថា ចំពោះការកើនឡើងយាន្តយន្ត ដែលធ្វើឲ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺជាកក្តាមួយដែលគួរចាប់អារម្មណ៍ ដែលត្រូវរកដំណោះស្រាយ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យបានជាអតិបរមាផងដែរ។
សម្តេចក្រឡាហោមក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ចូលរួមអនុវត្តន៍តាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាកយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលើកឡើងថា”ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” ដោយគោរពតាមខ្លឹមសារ គឺមិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត មិនត្រូវបើកបរស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឹងម៉ាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។