ព្រឹក​ថ្ងៃនេះ​សម្តេច​តេជោ​ ​អញ្ជើញ​បើក​សន្និសីទកំពូល​ ​«​សារព័ត៌មាន​អាស៊ី​»​ ​លើក​ទី១៦​

សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​នៅ​ព្រឹក​ថ្ងៃពុធ​ ​នេះ​ ​នឹង​អញ្ជើញ​ជា​អធិបតី​បើក​ជា​ផ្លូវការ​នូវ​សន្និសីទកំពូល​ ​«​សារព័ត៌មាន​អាស៊ី​»​ ​លើក​ទី១៦​ ​ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​ ​ក្នុង​ខេត្តសៀមរាប​។​

​សន្និសីទកំពូល​សារព័ត៌មាន​អាស៊ី​ ​គឺជា​ព្រឹត្តិ​ការណ៍​អន្តរជាតិ​នាំមុខ​មួយ​ក្នុង​វិស័យ​សោតទស្សន៍​ ​ដែល​ផ្តល់​កាលានុវត្ត​ភាព​ដល់​រដ្ឋមន្ត្រី​ទទួលបន្ទុក​ព័ត៌មាន​ ​ប្រតិបត្តិ​ករ​សោតទស្សន៍​ ​និង​បុគ្គលិក​បម្រើការ​ងារ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​ថ្នាក់ដឹកនាំ​វិស័យ​ឧស្សាហកម្ម​ ​សកលវិទ្យាល័យ​ ​អ្នកស្រាវជ្រាវ​ ​អ្នកជំនាញ​ ​និង​អ្នក​តាក់តែង​គោលនយោបាយ​ ​នៅ​ជុំវិញ​ពិភពលោក​ ​ដើម្បី​ជួបជុំ​ ​និង​ពិភាក្សា​អំពី​ការ​អភិវឌ្ឍ​គុណភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​និង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ ​ក្នុងអំឡុងពេល​នៃ​បដិវត្តន៍​បច្ចេកវិទ្យា​ទំនើប​។​

​សន្និសីទកំពូល​ ​«​សារព័ត៌មាន​អាស៊ី​»​ ​លើក​ទី១៦​ ​ដែល​កម្ពុជា​ត្រូវ​បាន​ជ្រើសរើស​ធ្វើជា​ម្ចាស់ផ្ទះ​នេះ​ ​នឹង​ធ្វើឡើង​ក្រោម​ប្រធានបទ​ ​«​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​-​អភិវឌ្ឍន៍​ទីផ្សារ​»​។​ ​សន្និសីទ​ដែល​នឹង​ជជែក​ពិភាក្សា​ទៅ​បញ្ហា​ប្រឈម​របស់​ស្ថាប័ន​ព័ត៌មាន​ ​និង​វិស័យ​ព័ត៌មាន​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ទំនើប​នេះ​ ​និង​ការប្រកួត​ប្រជែង​ដ៏​ខ្លាំងក្លា​ជាមួយ​បណ្តាញ​សង្គម​នេះ​ ​នឹង​មាន​អ្នកចូលរួម​ជា​ថ្នាក់ដឹកនាំ​ ​និង​តំណាង​ស្ថាប័ន​រដ្ឋាភិបាល​ ​ស្ថាប័ន​សារព័ត៌មាន​ ​ព្រមទាំង​អ្នកសារព័ត៌មាន​ជាតិ​ ​និង​អន្តរជាតិ​ប្រមាណ៥០០នាក់​ ​មក​ពី​បណ្ដា​ប្រទេស​ជាង៤០​ ​នៅក្នុង​តំបន់​ ​និង​លើ​ពិភពលោក​។​

​គួរ​បញ្ជាក់​ថា​ ​សន្និសីទកំពូល​សារព័ត៌មាន​ ​ត្រូវ​បាន​រៀបចំឡើង​ជាលើកដំបូង​នៅ​ឆ្នាំ២០០៤​ ​នៅ​ទីក្រុង​កូឡា​ឡាំ​ពួ​ ​ប្រទេស​ម៉ាឡេស៊ី​ ​ហើយ​សន្និសីទកំពូល​នេះ​ត្រូវ​បាន​រៀបចំ​ជាបន្តបន្ទាប់​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​រហូតដល់​ឆ្នាំ២០០៨​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close