ផែង វណ្ណៈ សម្រេចសរសេរលិខិតសុំទោសសម្តេចតេជោ
ទីបំផុតទៅ លោក ផែង វណ្ណៈ ដែលជាអ្នកមានវោហាលើបណ្តាញសង្គម និងកំពុងជាប់ឃុំនៅក្នុងពន្ធនាគារម១ បានផ្ញើលិខិតទៅសម្តេច ហ៊ុន សែន កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីសុំការអភ័យទោសពីសម្តេច ដើម្បីជួយឱ្យលោកឆាប់បានចេញពីពន្ធនាគារ ទៅជួបជុំក្រុមគ្រួសារ និងបន្តព្យាបាលជំងឺប្រចាំកាយ។
ក្នុងលិខិតនេះ លោក ផែង វណ្ណៈ បានសរសេរយ៉ាងដូច្នេះថា៖ «ខ្ញុំបាទមានការសោកស្តាយជាពន់ពេកនូវកំហុសឆ្គងរបស់ខ្ញុំបាទនាពេលកន្លងមក និងសុំការខន្តីអភ័យទោសពីសម្តេចតេជោ នូវអ្វីដែលខ្ញុំបាទបានសរសេរព័ត៌មានប្រៀបធៀបមិនសមរម្យ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកនោះ។ ទង្វើដ៏ឆ្គាំឆ្គងនេះ កើតឡើងដោយសារខ្ញុំមានការភ្លេចខ្លួន មានអារម្មណ៍ឆេវឆាវ ខ្វះការពិចារណា ច្រឡោត ខឹងសម្បា ទៅលើអ្នកលេងហ្វេសប៊ុកមួយចំនួន ដោយមិនបានគិតវែងឆ្ងាយ ជាហេតុនាំឱ្យប៉ះពាល់ដល់កិត្តិយស សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ល្អប្រពៃនៃប្រជាជនកម្ពុជា»។
ជាមួយគ្នានេះ លោក ផែង វណ្ណៈ ក៏បានសន្យាដែរថា នឹងធ្វើការកែប្រែអត្តចរិត ពាក្យសម្តីរបស់ខ្លួន និងមិនឱ្យមានបញ្ហាទាំងនេះកើតឡើងជាថ្មីម្តងទៀតឡើយ។
សូមរំលឹកថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក ផែង វណ្ណៈ ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ (មណ្ឌលអប់រំកែប្រែទី១ (ម១))។ លោកត្រូវបានដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ៖ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅរាជធានីភ្នំពេញ តាមរយៈទំព័រហ្វេសប៊ុក ដែលមានឈ្មោះ Pheng Vannak News កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ បទល្មើសដែលមានបទបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៤៩៤ មាត្រា ៤៩៥ និងមាត្រា ៣០៥ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។