ក្រសួងសាធារណការ​ ​នឹង​ធ្វើការ​កែ​លម្អ​ផ្លូវដែក​ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត​ព្រំដែន​កម្ពុជា​-​ថៃ​ ​ដើម្បី​សម្រួល​ដល់​កា​រដឹក​ញ្ជូន​ទំនិញ​

​ផ្លូវដែក​ពី​ភ្នំពេញ​ទៅកាន់​ក្រុង​ប៉ោយប៉ែត​ព្រំដែន​កម្ពុជា​-​ថៃ​ ​នឹង​ត្រូវ​ធ្វើការ​កែ​លម្អ​បន្ថែម​ទៀត​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ​ដើម្បី​សម្រួល​ដល់​ការ​ដឹកជញ្ជូន​ទំនិញ​ ​និង​មនុស្ស​ឲ្យបាន​ច្រើន​ហើយ​លឿន​រហ័ស​ជាង​មុន​ស្របតាម​តម្រូវការ​តំបន់​។​

​លោក​ ​លី​ ​បូរិ​ន​ ​អ្នកនាំពាក្យ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​បាន​ឲ្យដឹង​ថា​ ​ក្រសួង​ត្រៀម​ប្រើប្រាស់​កញ្ចប់​ថវិកាជាតិ​រហូតដល់​ជាង២០លាន​ដុល្លារ​អាមេរិក​ ​ដើម្បី​បន្ត​កែ​លម្អ​ផ្លូវដែក​កម្ពុជា​ពី​ភ្នំពេញ​ទៅកាន់​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ផ្លាស់ប្ដូរ​ផ្លូវដែក​ដើម្បី​អាច​ផ្ទុកទំនិញ​លើស​ពី៦០តោន​ឡើង​ទៅ​ក្នុង​មួយ​ទូ​។​

​អ្នកនាំពាក្យ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​រូប​នេះ​ ​បញ្ជាក់​ថា​ ​គម្រោង​កែ​លម្អ​ ​ផ្លូវដែក​នេះ​មានផល​ចំណេញ​ច្រើន​ខាង​ផ្នែក​សេដ្ឋកិច្ច​ ​គឺ​អាច​ដឹកជញ្ជូន​ទំនិញ​បាន​ច្រើន​មិន​ផ្លាស់ប្ដូរ​ទូរថភ្លើង​នៅពេល​ធ្វើដំណើរ​ឆ្លងកាត់​ខ្សែ​ខុសគ្នា​ ​ធ្វើឲ្យ​ផលិតផល​លក់​នៅ​លើ​ទីផ្សារ​កាន់តែ​ថោក​ ​សម្រួល​ដល់​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​។​

​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ​លី​ ​បូរិ​ន​ ​ថា​ ​ផែនការ​កែ​លម្អ​ផ្លូវដែក​នេះ​ ​គ្រោង​លើក​ជា​សំ​ណើរ​ទៅកាន់​រាជរដ្ឋាភិបាល​នៅក្នុង​ឆមាស​ទី២​ ​ឆ្នាំ២០១៩នេះ​ ​បន្ទាប់ពី​ផ្លូវដែក​ពី​ភ្នំពេញ​ ​ទៅ​ប៉ោយប៉ែត​ព្រំដែន​កម្ពុជា​-​ថៃ​អាច​ដឹកជញ្ជូន​ទំនិញ​បាន​ ​ត្រឹមតែ​ជាង៣០តោន​ហើយ​រត់​ក្នុង​ល្បឿន​យឺត​មិនទាន់​សភាពការណ៍​។​ ​បន្ថែម​ពីនេះ​ទៀត​ផ្លូវ​រថភ្លើង​ខ្សែ​ទី១នេះ​ ​ក៏បាន​បង្ក​ការ​រំខាន​ដូចជា​ការផ្ទេរ​ទំនិញ​ឬ​ផ្លាស់ប្ដូរ​ទូ​ឡើងចុះ​ខណៈ​ដែល​ផ្លូវ​រថភ្លើង​ខ្សែ​ទី២​ ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​អាច​ផ្ទុក​បាន​រហូត៦០តោន​ក្នុង​មួយ​ទូ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close